(ផ្លូរីដា)៖ ការបាញ់បង្ហោះកែវយឺតអវកាសថ្មីមួយរបស់ NASA ដែលមានតម្លៃរហូតដល់ទៅ ៣៣៧លានដុល្លារ និងមានទំហំប៉ុនម៉ាស៊ីនបោកខោអាវមួយគ្រឿងនោះ កាន់តែខិតកៀកជិតមកដល់មែនទែនហើយ ដោយគោលដៅសំខាន់របស់វា គឺស្វែងរកភពផ្សេងនៅប្រព័ន្ធព្រះអាទិត្យផ្សេង ដែលមានលក្ខណៈស្រដៀងនឹងភពផែនដីយើង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
ព័ត៌មានអំពីកែវយឺតអវកាស TESS គឺមានជាបន្តបន្ទាប់ ខណៈដែលវាត្រៀមនឹងត្រូវបាញ់បង្ហោះនៅថ្ងៃចន្ទ ទី១៦ ខែមេសា នាវេលាម៉ោង ៦៖៣២នាទីល្ងាចថ្ងៃចន្ទ សប្តាហ៍នេះ (ពេលវេលានៅរដ្ឋផ្លូវរីដា ត្រូវនឹងពេលទៀបភ្លឺថ្ងៃអង្គារ ស្អែកនេះ ពេលវេលានៅអាស៊ីអាគ្នេយ៍) ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX Falcon 9 ចេញពីស្ថានីយ Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
គោលដៅធំបំផុតរបស់ TESS ដែលត្រូវអនុវត្តន៍ក្នុងរយៈពេល ០២ឆ្នាំ ខាងមុខនេះ គឺការអង្កេតយ៉ាងលម្អិត ទៅលើផ្កាយសរុបចំនួនជាង ២០០,០០០ ដើម្បីស្វែងរកភពនានា ដែលអាចគោចរនៅជុំវិញផ្កាយទាំងនោះ តាមរយៈការអង្កេតស្រមោលពន្លឺដែលបាំងដោយភព នៅពេលវាគោចរជុំវិញផ្កាយមេរបស់វា។ NASA បានសន្និដ្ឋានថា កែវយឺតអវកាស TESS យ៉ាងហោចណាស់ ក៏នឹងរកឃើញភពរហូតដល់ ២០,០០០ នៅបណ្តាប្រព័ន្ធផ្កាយផ្សេងៗ ក្នុងបេសកកម្មរបស់វា។
បន្ថែមពីនេះទៀត នៅក្នុងចំណោមភពដែលអាចរកឃើញ យ៉ាងហោចណាស់ក៏មានភពទំហំប្រហាក់ប្រហែលផែនដីចំនួន ៥០ និងភពតូចជាងផែនដី (ទំហំផែនដីចែកជាពីរ) យ៉ាងហោចណាស់ក៏ ៥០០ភពផងដែរ។ លោកស្រី Elisa Quintana អ្នកវិទ្យាសាស្ត្រគ្រប់គ្រងលើ TESS របស់មជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់ NASA បានឲ្យដឹងថា «ភពទាំងនោះកំពុងតែគោចរនៅជុំវិញផ្កាយភ្លឺនោះហើយ។ យើងនឹងរកឃើញភពនានា ដែលគោចរជុំវិញផ្កាយទាំងនោះ ដែលយើងមិនអាចឃើញដោយភ្នែកទទេបាននោះឡើយ»។
បើតាមការបញ្ជាក់ដ៏គួរឲ្យរំភើបរបស់ លោកស្រី Elisa នៅពេលប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ តារាវិទូ ឬសូម្បីតែក្រុមអ្នកអង្កេតផ្ទៃមេឃពេលរាត្រី អាចចបង្អុលទៅលើផ្កាយភ្លឺៗណាមួយនៅលើមេឃ ហើយប្រាប់មនុស្សគ្រប់គ្នាផ្សេងទៀតថា នៅជុំវិញផ្កាយមួយដួងនោះ មានភពគោចរជុំវិញចំនួនប៉ុន្មាន ទំហំប៉ុណ្ណា និងមានគន្លងគោចរបែបណាទៀតផង។ វាពិតជាស្ថិតនៅអនាគត ដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ៕