លោក ដូណាល់ ត្រាំ មិនសមកាន់តំណែងប្រធានាធិបតីអាមេរិកនោះទេ, នេះបើតាមសម្តីអតីតនាយក FBI លោក James Comey!
16-04-2018 12:20
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ គឺអត្តចរិតមិនសមរម្យនោះឡើយ ក្នុងការកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមសម្តីរបស់លោក James Comey ប្រាប់សារព័ត៌មាន ABC នៅក្នុងបទសម្ភាសន៍មួយ នាថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក Comey បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំគិតថា គាត់ (លោក ត្រាំ) មិនសមរម្យ ក្នុងការកាន់តំណែងជាប្រធានាធិបតី។ ខ្ញុំគិតថា គាត់មិនសមនឹងទទួលឋានៈមួយនេះតែម្តង។ ប្រធានាធិបតីរបស់យើង ត្រូវតែរួមបញ្ចូលនូវការគោរព និងប្រកាន់ខ្ជាប់ជានិច្ចចំពោះគុណតម្លៃ ដែលជាស្នូលនៃប្រទេសជាតិមួយនេះ។ អ្វីដែលសំខាន់បំផុតនោះ គឺសច្ចៈភាព។ ប្រធានាធិបតីរូបនេះ មិនអាចមាននូវអ្វីទាំងអស់នេះឡើយ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបណ្តេញលោក Comey ចេញពីតំណែងនាយក FBI កាលពីខែឧសភា ឆ្នាំ២០១៧ ដោយសារតែស្ថាប័នមួយនេះ បានធ្វើការស៊ើបអង្កេតរឿងក្តីការទម្លាយសារសម្ងាត់ លោកស្រី Hillary Clinton និងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតកាលពីឆ្នាំ២០១៦ បានធ្វើឲ្យលោក ត្រាំ មិនពេញចិត្តជាខ្លាំង៕