(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ដែលជាមេដឹកនាំបក្សប្រឆាំងធំបំផុត នៅក្នុងប្រទេសនេះ បានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
ទោះបីជាមានវ័យ ៩២ឆ្នាំ ទៅហើយពិតមែន ក៏លោក Mahathir នៅតែជាមេដឹកនាំបក្សប្រឆាំងធំបំផុតមួយនៅម៉ាឡេស៊ី ដែលបានចុះឈ្មោះប្រកួតយកតំណែងជានាយករដ្ឋមន្ត្រី តំណាងឲ្យបក្ស Pakatan Harapan របស់លោក តទល់នឹងបក្សកាន់អំណាចរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចុប្បន្ន គឺលោក ណាជីប រ៉ាហ្សាក់ ដែលមានឈ្មោះថា គណបក្ស Barisan Nasional។
គួរបញ្ជាក់ថា លោក Mahathir បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងរយៈពេលរហូតដល់ទៅ ២១ឆ្នាំ ហើយលោកបានចូលរួមជាមួយបក្សប្រឆាំង នៅពេលដែលតំណែងរបស់លោក បានធ្លាក់ទៅលើនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ណាជីប រ៉ាហ្សាក់ ដែលកំពុងតែគ្របដណ្តប់ដោយរឿងអាស្រូវពុករលួយផងដែរនោះ។
សម្រាប់ស្នាដៃលេចធ្លោមួយរបស់ លោក Mahathir កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០៣នោះ គឺលោកបានកែប្រែទាំងស្រុងនូវកោះ Langkawi ឲ្យទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញខ្លាំងសម្រាប់ម៉ាឡេស៊ី ក៏ដូចជាជនបរទេសមកពីទូរទាំងសកលលោក ដែលមកទស្សនាប្រទេសអាស៊ានមួយនេះ ដែលបានជួយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះយ៉ាងខ្លាំងក្លា៕