(ម៉ូស្គូ)៖ សកម្មភាពបំពានច្បាប់នានា ដូចជាការវាយប្រហារដោយក្រុមសម្ព័ន្ធមិត្តអាមេរិក ទៅលើប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ នឹងបំផ្លាញនូវទំនាក់ទំនងជាលក្ខណៈអន្តរជាតិតែម្តង ដោយសារតែវាជាការបន្តរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) ម្តងហើយម្តងទៀត។ នេះបើតាមសម្តីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
ការថ្លែងរបស់លោក ពូទីន ខាងលើនេះធ្វើឡើងក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី ដើម្បីពិភាក្សាអំពីបញ្ហាស៊ីរី ដែលទើបតែរងការវាយប្រហារយ៉ាងដំណំ ពីសំណាក់សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ដែលជាការឆ្លើយតបទៅនឹងអ្វីដែលបណ្តាប្រទេសលោកខាងលិច បានចោទមកលើរបបដឹកនាំស៊ីរីថា បានប្រើប្រាស់អាវុធគីមី នៅសង្កាត់ឌួម៉ា ជាយទីក្រុងដាម៉ាស់ និងបានសម្លាប់មនុស្សសរុបជាង ៤០នាក់ កាលពីថ្ងៃទី០៧ ខែមេសា។
សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំង បានបញ្ជាក់ពីសម្តីលោក ពូទីន យ៉ាងដូច្នេះថា «ប្រសិនបើសកម្មភាពរំលោភបំពាន លើធម្មនុញ្ញអង្គការសហប្រជាជាតិ នៅតែម្តងកើតមានដដែលជាដដែលទៀតនោះ វាប្រាកដណាស់ថា នឹងជម្រុញឲ្យមានភាពកោលាហល នៅក្នុងទំនាក់ទំនងជាលក្ខណៈអន្តរជាតិជាក់ជាមិនខាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានទៅកាន់របបដឹកនាំស៊ីរីសាជាថ្មីថា ការវាយប្រហាបែបដូច្នេះ នឹងកើតមានឡើងបន្ថែមទៀត ប្រសិនបើរបបដឹកនាំស៊ីរី មិនព្រមលះបង់ចោលអាវុធគីមី។ បន្ថែមពីនេះសេចក្តីព្រាងថ្កោលទោសអាមេរិក រៀបចំឡើងដោយរុស្ស៊ី ក៏ត្រូវបានក្រុមប្រឹក្សាសន្តិសុខ UN ច្រានចោលទាំងស្រុងផងដែរ៕