វៀតណាមចេញមុខ អំពាវនាវឲ្យដោះស្រាយជម្លោះនៅស៊ីរី ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ!
15-04-2018 21:10
(ហាណូយ)៖ ប្រទេសវៀតណាម បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនជាខ្លាំង ចំពោះបញ្ហាដែលបាន និងកំពុងកើតមានឡើងថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី ក្នុងនោះមានទាំងការប្រើកម្លាំង ដែលជាការគំរាមកំហែងដល់អាយុជីវិតជនស្លូតត្រង់ជាទូទៅ ព្រមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូលផងដែរ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។
តាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកនាង Le Thi Thu Hang បានលើកឡើងនៅថ្ងៃអាទិត្យនេះថា «យើងសូមសង្កត់ធ្ងន់ថា ជម្លោះ និងភាពផ្ទុយគ្នាទាំងឡាយ គួរតែត្រូវបានដោះស្រាយ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមមូលដ្ឋាន នៃច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ព្រមទាំងគោលការណ៍ នៃការគោរពឯករាជ្យ និងអធិបតេយ្យភាព នៃប្រទេសនានា»។
គួរបញ្ជាក់ថា ការវាយប្រហារដោយអាមេរិក អង់គ្លេស និងបារាំង ទៅលើប្រទេសស៊ីរី បានធ្វើឲ្យអន្តរជាតិទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយកិច្ចពិភាក្សាដោះស្រាយបញ្ហា និងអំពាវនាវឲ្យមានការគោរពច្បាប់អន្តរជាតិ ត្រូវបានធ្វើឡើងដោយបណ្តាប្រទេសជាច្រើនរួចមកហើយ៕