(រីយ៉ាដ)៖ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រៅពីកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសនៅពិភពអារ៉ាប់ទាំងឡាយ បញ្ហាប្រឈមធំៗចំនួនពីរនោះគឺ សង្គ្រាមនៅស៊ីរី និងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងក្លាយជាប្រធានបទក្តៅគគុក ដែលត្រូវតែលើកយកមកពិភាក្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលលើកទៅ ២៩ ខាងលើនេះត្រូវបានចាប់ផ្តើមឡើងនៅទីក្រុង Dhahran នៃអារ៉ាប៊ីសាអូឌីត គិតចាប់ពីរសៀលថ្ងៃអាទិត្យនេះតទៅ (ម៉ោងនៅទីក្រុងរីយ៉ាដ)។ សម្ព័ន្ធអារ៉ាប់ គឺអង្គការមួយដែលសមាជិកសរុបចំនួន ២២ ដែលសុទ្ធសឹងតែជាសេដ្ឋីប្រេងនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
ដោយសារតំបន់ទាំងមូល កំពុងតែជួបប្រទះនូវបញ្ហាធំៗជាច្រើននោះ សម្ព័ន្ធអារ៉ាប់ដែលជាបណ្តាប្រទេសជិតខាង នឹងប្រទេសជាសមាជិករបស់ខ្លួន ដែលកំពុងជួបបញ្ហា ពួកគេមានតួនាទីក្នុងការសម្របសម្រួល និងស្វែងរកវិធីដោះស្រាយបញ្ហាជាបន្ទាន់។ សម្រាប់លទ្ធផលបឋមនៃកិច្ចប្រជុំ នឹងអាចចេញនាថ្ងៃចន្ទ ស្អែកនេះហើយ។
គួរបញ្ជាក់ថា បញ្ហានៅស៊ីរីបច្ចុប្បន្ននេះ គឺពាក់ព័ន្ធនឹងការវាយប្រហារដោយ អាមេរិក អង់គ្លេស និងបារាំង ដោយយកលេសឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី ខណៈបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីនវិញ គឺពាក់ព័ន្ធទៅនឹងជម្លោះនៅតំបន់ហ្គាសា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០នាក់ និងរបួសរាប់ពាន់នាក់ ក្នុងរយៈពេលជាង ០៣សប្តាហ៍មកនេះ៕