(យូអិន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធំៗពីរប្រទេសទៀត បានដឹកនាំការវាយប្រហារទៅលើប្រទេសស៊ីរី ដោយចោទប្រកាន់រឿងប្រើប្រាស់អាវុធគីមី សម្លាប់ប្រជាជនខ្លួនឯងជាង ៤០នាក់ កាលពីជាងមួយសប្តាហ៍មុន បានបង្ខំឲ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំបន្ទាន់ នៅថ្ងៃសៅរ៍ (ពេលវេលានៅទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំដ៏កម្របំផុតនាថ្ងៃសៅរ៍ចុងសប្តាហ៍បែបនេះ គឺត្រូវបានធ្វើឡើងតបតាមអំពាវនាវរបស់រុស្ស៊ី ១៤ម៉ោងក្រោយពី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ដឹកនាំការវាយប្រហារដោយទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលស្រោចលើប្រទេសស៊ីរី ហើយថែមទាំងបានអះអាងថា សម្ព័ន្ធមិត្តទាំងបីបានវាយកម្ទេចទីតាំងផលិត និងស្តុកទុកអាវុធគីមីមួយចំនួន នៅជាយទីក្រុងដាម៉ាស់ទៀតផង។
ការវាយប្រហារទាំងមូលគឺធ្វើឡើង ក្រោយពីមានសេចក្តីរាយការណ៍ កាលពីជាងមួយសប្តាហ៍មុននេះថា របបដឹកនាំលោក អាស្សាដ បានប្រើប្រាស់អាវុធគីមី វាយប្រហារទៅលើសង្កាត់ ឌួម៉ា ជាយទីក្រុងដាម៉ាស់ ដោយបានសម្លាប់មនុស្សក្មេងចាស់ប្រុសស្រីសរុបជាង ៤០នាក់ នៅថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ ខណៈដែលអង្គការហាមប្រាមការប្រើប្រាស់អាវុធគីមី OPCW មិនទាន់ទាំងបានទៅធ្វើការពិនិត្យភាពជាក់លាក់អំពីរឿងនេះ ទៅតាមការស្នើសុំផងនោះ។
ជុំវិញហេតុការណ៍ដ៏ក្តៅគគុកនេះដែរ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស បានត្រឹមតែសម្តែងការព្រួយបារម្ភ និងអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះច្បាប់ UN នៅពេលត្រូវដោះស្រាយបញ្ហាផ្សេងៗ។ លោក ហ្គួទែរែស បានសង្កត់ធ្ងន់ថា «ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ពិតជាបានចែងយ៉ាងច្បាស់លាស់ខ្លាំងណាស់ អំពីបញ្ហាទាំងនេះ ជាពិសេសគឺការដោះស្រាយបញ្ហានានា ដើម្បីសន្តិភាព និងសន្តិសុខ ពីសំណាក់រដ្ឋជាសមាជិកទាំងអស់»។
ទោះបីជាបែបនេះក្តី កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីអំពីការថ្កោលទោសការវាយប្រហារដោយយោធា ទៅលើប្រទេសស៊ីរី ដែលរុស្ស៊ីអះអាងថា ជារឿងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត ដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេសនោះ នូវតែត្រូវបរាជ័យមិនអាចសម្រេចចេញបាន នូវសំឡេងគាំទ្រចំនួន ០៩ ក្នុងចំណោមសមាជិកទាំង ១៥ របស់ UNSC នេះបានឡើយ។
បន្ថែមពីនេះបើទោះបីជាសម្រេចសំឡេងគ្រប់ក៏ដោយ បើក្នុងនោះមានការ ជំទាស់ ឬ Veto ពីសមាជិកណាមួយ នៃសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៅក្នុងស្ថាប័នដ៏មានអំណាចបំផុតនៅ UN រួមមានរុស្ស៊ី ចិន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកនេះ ក៏ក្តីសង្ឃឹមនៃការសម្រេចការថ្កោលទោសនេះ មិនអាចកើតមានទៅរួចនោះដែរ។
ជាក់ស្តែងប្រទេសដែលគាំទ្រការថ្កោលទោសនេះមានតែ រុស្ស៊ី បូលីលី និងចិនប៉ុណ្ណោះ ខណៈបួនប្រទេសទៀតដូចជា អេក្វាតូរៀ ហ្គីណេ, អេត្យូពី, កាហ្សាក់ស្ថាន និងប៉េរូអវត្តមាន ហើយដោយឡែកសមាជិកចំនួន ០៨ទៀត គឺគាំទ្រអាមេរិកតែម្តង៕