(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ និងប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ដោយអះអាងថា ការវាយប្រហារប្រទេសស៊ីរីកាលពីព្រឹកថ្ងៃសៅរ៍ គឺទទួលបានជោគជ័យ និងចាំបាច់ត្រូវតែធ្វើ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានអះអាងថា ការរួមគ្នារវាងប្រទេសទាំងបីក្នុងការវាយប្រហារផ្លូវអាកាសនៅស៊ីរីនោះ គឺទទួលបានជោគជ័យ និងជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីរារាំងមិនឲ្យរបបដឹកនាំ បាសា អាល់ អាស្សាដ ធ្វើការប្រើប្រាស់អាវុធគីមី វាយប្រហារទៅលើប្រជាជនខ្លួនឯង ទៅថ្ងៃមុខទៀត។ បន្ថែមពីនេះភាគីទាំងបី អាមេរិក បារាំង និងអង់គ្លេស ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្ថែមដ៏ស្វាហាប់ ដើម្បីធានាអំពីដំណើរការកម្ចាត់ក្រុម ISIS រយៈពេលយូរផងដែរ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសសម្ព័ន្ធមិត្តទាំងបីនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងថា «ការវាយប្រហារលើស៊ីរី គឺជាការវាយសង្គ្រប់ដ៏ប្រសើរឥតខ្ចោះ នៃប្រទេសទាំងបីរួមគ្នា»។ លោកសង្កត់ធ្ងន់ទៀតថា បើគ្មានយោធាបារាំង និងអង់គ្លេសចូលរួមនោះទេ យើងក៏មិនបានទទួលលទ្ធផលប្រសើរដូចពេលនេះដែរ៕