(វ៉ាស៊ីនតោន)៖ នៅថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រជាជនអាមេរិកជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅពីមុខសេតវិមានលោក ដូណាល់ ត្រាំ ដើម្បីសម្តែងការប្រឆាំងជំទាស់ ទៅនឹងអ្វីដែលប្រធានាធិបតីអាមេរិកកំពុងតែធ្វើ នោះគឺការដឹកនាំចក្រភពអង់គ្លេស និងបារាំង វាយប្រហារទៅលើរបបដឹកនាំរដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក ដូណាល់ ត្រាំ ប្រកាសថា លោកបានរួមគ្នាជាមួយបារាំង និងអង់គ្លេស ក្នុងការវាយប្រហារប្រទេសស៊ីរីនោះ យន្តហោះចម្បាំង និងមីស៊ីលជាច្រើនគ្រាប់ ត្រូវបានវាយប្រហារទៅលើទីតាំងជាយទីក្រុងដាម៉ាស់ ដោយប្រទេសសម្ព័ន្ធមិត្តធំៗទាំងបីបានអះអាងថា ជាកន្លែងការផលិត និងស្តុកទុកអាវុធគីមី របស់រដ្ឋាភិបាលលោក បាសា អាល់ អាស្សាដ។
ក្រុមអ្នកស្រឡាញ់សន្តិភាពខាងលើនេះ បាននាំគ្នាស្រែកជាពាក្យស្លោកទាមទារឲ្យ លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តអាមេរិកទាំងឡាយនោះថា «បញ្ឈប់ការទម្លាក់គ្រាប់បែកលើស៊ីរី ព្រោះវាមិនមែនដើម្បីការពារប្រជាជនស៊ីរីនោះទេ ប៉ុន្តែវាជាការសម្លាប់ពួកគេទៅវិញ។ តើសង្គ្រាមនៅអ៊ីរ៉ាក់ លីប៊ី និងស៊ីរី គឺជាសង្គ្រាមដែលមិនព្រមបញ្ឈប់ដោយចក្រពត្តិឬ?»
គួរបញ្ជាក់ថា ទាំងបារាំង អាមេរិក និងអង់គ្លេស បានអះអាងថា កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ យន្តហោះចម្បាំងបានបើកការវាយប្រហារ ទៅលើមូលដ្ឋានផលិតអាវុធគីមីនៅជាយទីក្រុងដាម៉ាស់ប្រទេសស៊ីរី ដើម្បីសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមី ដោយរបបដឹកនាំស៊ីរី នៅតំបន់ហ្គួតា ដែលអាមេរិកអះអាងថា បានសម្លាប់មនុស្សក្មេងចាស់ប្រុសស្រី យ៉ាងហោចណាស់ ៤០នាក់៕