(បរទេស)៖ ពិតជាមាន​សំណល់ និងសំរាមច្រើនណាស់​​នៅទីអវកាស ជាពិសេសនៅ​គន្លង​គោចរ​​ជុំវិញភពផែនដី ដែលមនុស្ស​ហាក់​មិនទាន់មានវិធី នៅក្នុងការដោះស្រាយ​បញ្ហាទាំងនោះ​ឡើយ ខណៈដែលសំនួរ​អំពីបញ្ហានេះ​ត្រូវបាន​ចោទឡើងតាំងតែ​ពីទសវត្សរ៍ឆ្នាំ១៩៦០។ នេះបើតាមការ​ចេញផ្សាយដោយ វែបសាយ Wired នាល្ងាច​ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។

ទោះបីជាផែនការ​បានសម្រេច ឬមិនសំរេចក៏ដោយ​ក៏កាកសំណល់ នៃបេសកកម្ម​អវកាសនានា នៅតែត្រូវបានចោល​ទៅទីអវកាស និងខ្លះទៀតធ្លាក់​មកស្រោច​​ផែនដី​វិញ ដូចជាស្ថានីយ​អវកាសចិន Tiangong-1 កាលពីដើម​ខែមេសា នេះដូច្នោះឯង។ សម្រាប់​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ មានការព្យាករណ៍​ថា សំណល់អវកាស នឹងមាន​រឹតតែ​ច្រើន ខណៈដែលគំរោង​បាញ់បង្ហោះ​ផ្កាយរណប មានមិនតិច​ជាង ១២,០០០គ្រឿង​នោះឡើយ នៅទូតាំង​ពិភពលោក។

ដោយឡែកគ្រាន់តែ​ក្រុមហ៊ុនអវកាស​ឯកជន SpaceX របស់អាមេរិក ពេលនេះ​​មានគំរោងបាញ់បង្ហោះ​ផ្កាយរណប​សរុប ៤,០០០គ្រឿង ទៅហើយ​នៅ​ក្នុងដៃ។ ងាកមកលើ​ផែនដីវិញ គ្រឿងអេឡិចត្រូនិក​​ដែលត្រូវបាន​បោះបង់​ចោល គឺមិនតិចជាងរាប់​ម៉ឺនលានតោននោះ​ឡើយ​ក្នុងមួយឆ្នាំៗ។ បន្ថែមពី​នេះ​ទៀត សំណល់ផ្លាស្ទីក​ក៏កាន់តែកើនឡើង​ផងដែរ ដោយអ្នកជំនាញ​អះអាងថា នៅឆ្នាំ២០៥០ ខាងមុខនេះ សំណល់ផ្លាស្ទីក​នៅក្នុងសមុទ្រ នឹងមានចំនួន​ច្រើនជាង​​សត្វត្រី​​ទៅទៀត បើពុំមាន​​ការដោះស្រាយ​ឲ្យ​បាន​​ទាន់ពេល។

សម្រាប់​ពេលនេះ ទីអវកាសវាហាក់បីដូច​ជាកន្លែងចាក់សម្រាម​ថ្មី​មួយទៀត​របស់​មនុស្សទៅ​ហើយ ដោយវត្ថុ​ប្រមាណ ១៧០លាន​បំណែក កំពុងតែវិលវល់​ជុំវិញភព​ផែនដី។ បើតាម​អង្គការ NASA ឲ្យដឹងថា ក្នុងចំណោម​បំណែកទាំងឡាយ​​នោះ មាន ២០,០០០បំណែក​ធំជាងដុំបាល់ និង ៥០០,០០០បំណែក ធំជាងថ្មម៉ាប​ទៀតផង។ បន្ថែមពីនេះយ៉ាងហោច​ណាស់​សំណល់ ២០០ដុំ បានធ្លាក់ចុះ​មកផែនដីវិញក្នុង​មួយឆ្នាំៗជាមធ្យម ឧទាហរណ៍​​ដូចជា Tiangong-1 ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​​សំរាមអវកាស និងលើដី គឺកាន់តែអាក្រក់​ខ្លាំងឡើងៗ​ទៅហើយ ចុះទម្រាំមនុស្ស​មិនមានវិធីនៅ​ក្នុងការដោះស្រាយ​​បញ្ហា ឲ្យបានសម​ស្របទៅ​តាមស្ថានភាព​ជាក់ស្តែងទៀតនោះ តើវានឹងក្លាយ​ទៅជាដូចម្តេច? ចំណុច​គួរឲ្យកត់​សម្គាល់ បើសំរាមអវកាស​កាន់តែច្រើន នោះ​ការធ្វើបេសកកម្ម​អវកាស​នានា នៅ​ថ្ងៃអនាគត ក៏នឹងរឹតតែលំបាក​ផងដែរ៕