(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើកិច្ចអត្ថាធិប្បាយអ្វីឡើយនាពេលនេះ ពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៣២រូប ចេញពីការងារ បន្ទាប់ពីបានរកឃើញថា ពួកគេបានប្រើប្រាស់ Group Chat ក្នុងបណ្តាញសង្គម Facebook ដើម្បីចែកចាយ និងរក្សាទុករូបភាព-វីដេអូអាសអាភាស ក្នុងនោះមានទាំងរបស់មនុស្សអាយុក្រោម ១៨ឆ្នាំផងដែរ។ នេះបើតាមសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
មន្ត្រីក្រសួងការបរទេសអាមេរិក បានផ្ញើសារ Email មកប្រាប់ស៊ីនហួរយ៉ាងខ្លីដូច្នេះថា «យើងមិនធ្វើការបញ្ចេញមតិអ្វីនោះឡើយ ចំពោះបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួនបែបនេះ»។
នៅពេលត្រូវបានសួរថា តើការបណ្តេញបុគ្គលិកទូតទាំងនោះ ត្រូវបានធ្វើឡើងដោយអនុឡោមទៅតាមច្បាប់នៃប្រទេសកម្ពុជា ឬទេ? មន្ត្រីក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «យើងមានការកត់សម្គាល់តែមួយគត់ នោះគឺស្ថានទូតអាមេរិកមានច្បាប់ និងបទបញ្ជាច្បាស់លាស់ ជុំវិញភាពសមរម្យនៃការប្រព្រឹត្តរបស់បុគ្គលិក ក៏ដូចជាការទទួលពាក្យតវ៉ា សម្រាប់បុគ្គលិកណាដែលជឿជាក់ថា ពួកគេបានរងភាពអយុត្តិធម៌ ជុំវិញការសម្រេចចិត្ត»។
គួរបញ្ជាក់តាមបណ្តាញព័ត៌មាន Reuters បានចេញផ្សាយថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្រេចបណ្តេញបុគ្គលិកសរុប ៣២នាក់ ចេញពីការងារ បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធការចែកចាយ និងស្តុកទុករូបភាពអាសអាភាស នៅក្នុងបណ្តាញផ្ញើសារមិនផ្លូវការជាក្រុម (Chat Group)។
ប្រភពសរុបចំនួន ០៤ បានប្រាប់ Retuers ឲ្យដឹងទៀតថា វីដេអូ-រូបភាពអាសអាភាសជាច្រើនឃ្លីប-សន្លឹក ដែលក្នុងនោះរួមមានទាំងរូបភាព-វីដេអូអាសអាភាសមនុស្សអាយុក្រោម ១៨ឆ្នាំ ផងដែរត្រូវបានរកឃើញនូវក្នុង Chat Group នៃបណ្តាញសង្គម Facebook។ រឿងរ៉ាវទាំងឡាយត្រូវបានបែកការ ក្រោយពីភិរិយានៃបុគ្គលិកបម្រើការងារម្នាក់នៅក្នុងស្ថានទូត បានធ្វើការរាយការណ៍អំពីរឿងអាសអាភាសដែលខ្លួនបានឃើញនោះ ទៅកាន់មន្ត្រីមួយរូបនៅក្នុងស្ថានទូត ហើយបន្ទាប់មកទៀតបញ្ហាទាំងមូល ក៏ត្រូវបានបញ្ជូនបន្តទៅកាន់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក ដែលហៅកាត់ថា FBI តែម្តង។
អតីតបុគ្គលិកស្ថានទូតអាមេរិកមួយរូប បានប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា «ពួកគេ (បុគ្គលិកដែលត្រូវបានបណ្តេញចេញ) ត្រូវបានត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដៃ»។ អតីតបុគ្គលិករូបនេះបានបន្តទៀតថា មនុស្សទាំង ៣២នាក់ ក្នុងនោះរួមមានទាំងជនជាតិខ្មែរ និងជនជាតិខ្មែរកាត់អាមេរិកាំង ដែលភាគច្រើនជាឆ្មាំការពារសន្តិសិខ និងស្មៀន ដោយពុំមានមន្ត្រីទូតណាម្នាក់ស្ថិតនៅក្នុងចំណោមពួកគេដែលត្រូវបានបណ្តេញចេញទាំងនោះឡើយ៕