(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jeang-Yves Le Diran បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់សម្ព័ន្ធមិត្ត ទៅលើប្រទេសស៊ីរី គឺជារឿងស្របច្បាប់, មានព្រំដែនកំណត់ និងសមាមាត្រ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់បារាំងខាងលើនេះបានបន្តទៀតថា «នៅក្នុងកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កងកម្លាំងទ័ពអាកាសបារាំង បានធ្វើការវាយប្រហារទៅទីតាំងផលិតអាវុធគីមីស៊ីរី ចំនួនពីរទីតាំងឯណោះទាំងយប់។ ការវាយប្រហារនេះ ប្រទេសបារាំងមានគោលដៅទៅរកមូលដ្ឋានរបស់ប្រធានាធិបតីស៊ីរី បាសា អាល់ អាស្សាដ មិនមែនជនស៊ីវិលស៊ីរីនោះទេ»។
អ្នករាយការណ៍ព័ត៌មានថា AFP ដែលឈរជើងនៅទីក្រុងដាម៉ាស់បានអះអាងថា សំឡេងផ្ទុះយ៉ាងកក្រើកត្រូវបានលាន់លឺនៅជុំវិញរដ្ឋធានីមួយនេះ ចាប់ពីវេលាម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃសៅរ៍ អមដោយសំឡេងយន្តហោះចម្បាំង ហោះរំលងពីលើក្បាលតែម្តង។ បន្ថែមពីនេះផ្សែងហុយខ្មួលខ្មាញ់ ក៏ត្រូវប្រទះឃើញនៅភាគខាងជើង និងខាងកើតទីក្រុងមួយនេះថែមទៀត។
ដោយឡែកសារព័ត៌មានរដ្ឋស៊ីរី ក៏បានចេញផ្សាយអំពីស្ថានការណ៍នេះដែរ និងបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ពង្រាយ ដើម្បីការពារការវាយប្រហារមិនឲ្យកើតមានបន្ថែមទៀត នៅទីក្រុងដាម៉ាស់។ ជុំវិញទីក្រុង Homs ឯណោះវិញស៊ីរីបានអះអាងថា គ្រាប់មីស៊ីលមួយចំនួន ដែលហោះសំដៅទៅវាយប្រហារទីក្រុងនេះ ត្រូវបានបាញ់ទម្លាក់រួចហើយ។
បន្ថែមពីនេះទីក្រុង Aleppo នៅភាគខាងជើង, Hasakeh នៅភាគឦសាន, និង Latakia ព្រមទាំង Tartus នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត ត្រូវបានការពារជាប្រចាំដោយមូលដ្ឋានទ័ពស៊ីរី និងរុស្ស៊ី ដោយមិនទាន់មានការវាយប្រហារកើតមានឡើងនោះឡើយ។ ការវាយប្រហារនេះ កើតមានឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ស៊ីរីបានប្រើអាវុធគីមីសម្លាប់មនុស្សស្លូតត្រង់ ៤០នាក់ នៅតំបន់ហ្គួតា ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចាត់ការស៊ីរី ទោះបីអង្គការសហប្រជាជាតិមិនព្រមក៏ដោយ៕