(ដាម៉ាស់)៖ សារព័ត៌មានរដ្ឋស៊ីរីបានចេញផ្សាយថា ការវាយប្រហារពីសំណាក់បណ្តាប្រទេសលោកខាងលិច នៅថ្ងៃសៅរ៍នេះ គឺជាទង្វើខុសច្បាប់ ហើយពួកគេនឹងត្រូវវិនាសទៅវិញដោយភាពបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋស៊ីរី SANA បានចេញផ្សាយយ៉ាងដូច្នេះថា «ភាពគគ្លើននៅក្នុងរំលោភបំពានទាំងកម្រោលទៅលើច្បាប់អន្តរជាតិ និងឆន្ទៈរបស់សហគមន៍អន្តរជាតិ គឺត្រូវតែវិនាសទៅវិញដោយភាពបរាជ័យ»។ សំឡេងផ្ទុះត្រូវបានសារព័ត៌មានមានមូលដ្ឋាននៅស៊ីរីរាយការណ៍ថា ត្រូវបានលាន់លឺយ៉ាងកក្រើក នៅជុំវិញទីក្រុងដាម៉ាស់ ដែលចំពេលសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស អះអាងរួមគ្នាវាយប្រហារកម្ទេចមូលដ្ឋានស្តុកអាវុធគីមី នៅក្នុងប្រទេសស៊ីរី កាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។
អ្នករាយការណ៍ព័ត៌មានថា AFP ដែលឈរជើងនៅទីក្រុងដាម៉ាស់បានអះអាងថា សំឡេងផ្ទុះយ៉ាងកក្រើកត្រូវបានលាន់លឺនៅជុំវិញរដ្ឋធានីមួយនេះ ចាប់ពីវេលាម៉ោង៤៖០០នាទីទៀបភ្លឺថ្ងៃសៅរ៍ អមដោយសំឡេងយន្តហោះចម្បាំង ហោះរំលងពីលើក្បាលតែម្តង។ បន្ថែមពីនេះផ្សែងហុយខ្មួលខ្មាញ់ ក៏ត្រូវប្រទះឃើញនៅភាគខាងជើង និងខាងកើតទីក្រុងមួយនេះថែមទៀត។
ដោយឡែកសារព័ត៌មានរដ្ឋស៊ីរី ក៏បានចេញផ្សាយអំពីស្ថានការណ៍នេះដែរ និងបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ពង្រាយ ដើម្បីការពារការវាយប្រហារមិនឲ្យកើតមានបន្ថែមទៀត នៅទីក្រុងដាម៉ាស់។ ជុំវិញទីក្រុង Homs ឯណោះវិញស៊ីរីបានអះអាងថា គ្រាប់មីស៊ីលមួយចំនួន ដែលហោះសំដៅទៅវាយប្រហារទីក្រុងនេះ ត្រូវបានបាញ់ទម្លាក់រួចហើយ។
បន្ថែមពីនេះទីក្រុង Aleppo នៅភាគខាងជើង, Hasakeh នៅភាគឦសាន, និង Latakia ព្រមទាំង Tartus នៅតំបន់ឆ្នេរសមុទ្រភាគខាងកើត ត្រូវបានការពារជាប្រចាំដោយមូលដ្ឋានទ័ពស៊ីរី និងរុស្ស៊ី ដោយមិនទាន់មានការវាយប្រហារកើតមានឡើងនោះឡើយ។ ការវាយប្រហារនេះ កើតមានឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ស៊ីរីបានប្រើអាវុធគីមីសម្លាប់មនុស្សស្លូតត្រង់ ៤០នាក់ នៅតំបន់ហ្គួតា ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចាត់ការស៊ីរី ទោះបីអង្គការសហប្រជាជាតិមិនព្រមក៏ដោយ៕