(អាមេរិក)៖ ស្ថានការណ៍កាន់តែក្តៅគគុកខ្លាំងមែនទែនហើយ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងច្បាស់ៗថា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានព្រមព្រៀងគ្នានៅក្នុងការវាយប្រហារទៅលើប្រទេសស៊ីរី ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមី ដោយរបបដឹកនាំ លោក បាសា អាល់ អាស្សាដ ដែលលោក ត្រាំ ចោទថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «នៅមុននេះបន្តិច ខ្ញុំបានបញ្ជាឲ្យកងកម្លាំងទ័ពអាមេរិក ធ្វើការវាយប្រហារជាតំណាក់កាលដំបូង ទៅលើទីតាំងដែលពាក់ព័ន្ធការលាក់ទុកអាវុធគីមី នៃរបបដឹកនាំផ្តាច់ការ បាសា អាល់ អាស្សាដ»។
លោក ត្រាំ បានសង្កត់ធ្ងន់ថា «ការសហការគ្នាផ្នែកកងកម្លាំង ជាមួយប្រទេសបារាំង និងចក្រភពអង់គ្លេសកំពុងតែប្រព្រឹត្តទៅហើយ។ យើងអរគុណប្រទេសទាំងពីរនេះ។ ការសម្លាប់រង្គាលមនុស្សនេះ គឺបានកើនឡើងយ៉ាងខ្លាំង តាមរយៈការប្រើប្រាស់អាវុធគីមី ដោយរបបដ៏គួរឲ្យភ័យខ្លាច»។ សារព័ត៌មានថា AFP ក៏បានទទួលសេចក្តីរាយណ៍ផងដែរ អំពីការសំឡេងផ្ទុះនៅក្នុងប្រទេសស៊ីរី នៅព្រឹកថ្ងៃសៅរ៍នេះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសអំពីការរួមគ្នាវាយប្រហារទីតាំងលាក់អាវុធគីមីនៅស៊ីរី៕