(ភ្នំពេញ)៖ បណ្តាញព័ត៌មាន Reuters បានចេញផ្សាយថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្រេចបណ្តេញបុគ្គលិកសរុប ៣២នាក់ ចេញពីការងារ បន្ទាប់ពីរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធការចែកចាយ និងស្តុកទុករូបភាពអាសអាភាស នៅក្នុងបណ្តាញផ្ញើសារមិនផ្លូវការជាក្រុម (Chat Group)។ នេះបើតាមការដកស្រង់ព័ត៌មាន នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
ប្រភពសរុបចំនួន ០៤ បានប្រាប់ Retuers ឲ្យដឹងទៀតថា វីដេអូ-រូបភាពអាសអាភាសជាច្រើនឃ្លីប-សន្លឹក ដែលក្នុងនោះរួមមានទាំងរូបភាព-វីដេអូអាសអាភាសមនុស្សអាយុក្រោម ១៨ឆ្នាំ ផងដែរត្រូវបានរកឃើញនូវក្នុង Chat Group នៃបណ្តាញសង្គម Facebook។ រឿងរ៉ាវទាំងឡាយត្រូវបានបែកការ ក្រោយពីភរិយានៃបុគ្គលិកបម្រើការងារម្នាក់នៅក្នុងស្ថានទូត បានធ្វើការរាយការណ៍អំពីរឿងអាសអាភាសដែលខ្លួនបានឃើញនោះ ទៅកាន់មន្ត្រីមួយរូបនៅក្នុងស្ថានទូត ហើយបន្ទាប់មកទៀតបញ្ហាទាំងមូល ក៏ត្រូវបានបញ្ជូនបន្តទៅកាន់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក ដែលហៅកាត់ថា FBI តែម្តង។
អតីតបុគ្គលិកស្ថានទូតអាមេរិកមួយរូប បានប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា «ពួកគេ (បុគ្គលិកដែលត្រូវបានបណ្តេញចេញ) ត្រូវបានត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដៃ»។ អតីតបុគ្គលិករូបនេះបានបន្តទៀតថា មនុស្សទាំង ៣២នាក់ ក្នុងនោះរួមមានទាំងជនជាតិខ្មែរ និងជនជាតិខ្មែរកាត់អាមេរិកាំង ដែលភាគច្រើនជាឆ្មាំការពារសន្តិសិខ និងស្មៀន ដោយពុំមានមន្ត្រីទូតណាម្នាក់ស្ថិតនៅក្នុងចំណោមពួកគេដែលត្រូវបានបណ្តេញចេញទាំងនោះឡើយ៕