(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចដកតំណែងបុគ្គលដ៏មានឥទ្ធិពលទីពីរបន្ទាប់ពីរូបលោក គឺលោក វ៉ាង ព្យុងសូ (Hwang Pyong So) ចេញពីតួនាទីជាអនុប្រធានគណៈកម្មការកិច្ចការដ្ឋ នៃប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានធ្វើសេចក្តីរាយការណ៍ដូច្នេះថា «តបតាមសំណើរបស់លោក គីម ជុងអ៊ុន ជាប្រធានគណៈកម្មការកិច្ចការដ្ឋ (SAC) ដែលជាស្ថាប័នកំពូលមួយប្រចាំប្រទេសកូរ៉េខាងជើង លោក Hwang Pyong So ត្រូវបានសម្រេចដកចេញពីតំណែង ជាអនុប្រធាននៃគណៈកម្មការនេះ»។ បើតាម KCNA ដំណឹងនៃដកមុខតំណែងនេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងអំឡុងសម័យប្រជុំពេញអង្គ នៃសភាប្រជាជនកូរ៉េខាងជើង។
គួរជម្រាបថា មន្រ្តីជាន់ខ្ពស់ ០៣រូបទៀត រួមមានលោក គីម គីណាម (Kim Ki Nam), រី ម៉ាន់ ហ្កុន (Ri Man Gon), និង គីម វ៉ុនហុង (Kim Won Hong) ក៏ត្រូវបានដកចេញពីតំណែងផងដែរ ហើយលោក គីម ជុងអ៊ុន បានស្នើជ្រើសតាំងបុគ្គលចំនួន ០៤រូបផ្សេងទៀត រួមមានលោក គីម ចុងហ្កាក់ (Kim Jong Gak), ផាក ក្វាន់ហូ (Pak Kwang Ho), ថែ ចុងស៊ូ (Thae Jong Su), និង ចុង ក្យុងធេក (Jong Kyong Thaek) ជាសមាជិកថ្មីនៃគណៈកម្មការ SAC ថែមទៀតផង។ សម្រាប់មូលហេតុនៃការ ដក និងដូរដាក់តំណែងនេះ នៅមិនទាន់មានប្រភពណាបញ្ជាក់ពីដើមចមឲ្យច្បាស់លាស់នោះឡើយ៕