(ស៊ីរី)៖ ទីភ្នាក់ងាររុស្ស៊ីប្រចាំប្រទេសស៊ីរី បានឱ្យដឹងថា កងកម្លាំងរដ្ឋាភិបាលស៊ីរីបានដោតទង់ជាតិរបស់ខ្លួនហើយ នៅក្នុងតំបន់ហ្គូតា ភាគខាងកើត (Ghouta) តាមរយៈការគ្រប់គ្រងទីក្រុងឌួម៉ាទាំងស្រុង ខណៈក្រុមឧទ្ទាមបានសម្រេចចិត្តដកថយ ហើយដែលនេះ នឹងក្លាយជាជ័យជម្នះដ៏ធំបំផុតសម្រាប់លោកប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ការប្រកាសពីជ័យជម្នះរបស់រដ្ឋាភិបាលស៊ីរី កើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានព្រមានក៏ដូចជាកំពុងពិចារណាលើការប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងរបបដឹកនាំទីក្រុងដាម៉ាស់ ជាការឆ្លើយតបនឹងវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុងឌួម៉ា។ ជាមួយគ្នានោះដែរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រធានាទីភ្នាក់ងាររុស្ស៊ីលោក Yury Yevtushenko បាន អះអាងដូច្នេះថា «ថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលទង់ជាតិនៃប្រទេសរបស់ពួកគេត្រូវ បានដោតលើនៅក្នុងទីក្រុងឌួម៉ា... ហើយដែលនេះគឺជាការបញ្ជាក់ពីជ័យជម្នះ លើការគ្រប់គ្រងតំបន់ហ្គូតាភាគខាងកើតទាំងស្រុង»។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី មនុស្សជាង ៤០,០០០នាក់ ក្នុងនោះរួមមានគ្រួសារ និងសាច់ញាតិក្រុមឧទ្ទាមរាប់ពាន់នាក់ បានចាកចេញពីទីក្រុងឌួម៉ា ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរី៕