(វ៉ាស៊ីនតោន)៖ នាយក CIA លោក ម៉ៃក៏ ប៉ុមផេអូ (Mike Pompeo) ដែលទើបតែត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី បានប្រកាសជាសាធារណៈថា គោលនយោបាយទន់ភ្លន់ របស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ីបានឈានដល់ទីបញ្ចប់។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកនៅតែអះអាងថា កិច្ចសន្ទនាត្រូវបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍ ត្រៀមសម្រាប់ការបង្ហាញខ្លួននៅចំពោះមុខព្រឹទ្ធសភាអាមេរិក ចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃពុធ លោក Pompeo បាននិយាយថា «រុស្ស៊ីនៅតែអាចបន្តធ្វើសកម្មភាពឈ្លានពាន ដោយសារតែគោលនយោបាយ ទន់ភ្លន់របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែឥឡូវវាដល់ទីបញ្ចប់ហើយ ខណៈវិធានការរបស់រដ្ឋបាលលោក ប្រធានាធិបតី ត្រាំ ក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា រុស្ស៊ីគឺជាគ្រោះថ្នាក់សម្រាប់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានតែងតាំងលោក Mike Pompeo ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មីកាលពីថ្ងៃទី១៣ ខែមីនា ក្រោយលោកបណ្ដេញលោក រិច ធីល្លឺសុន។ លោក Pompeo នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីឆ្លើយតបនឹងសំណួរ និងទទួលបានការយល់ព្រមពីព្រឹទ្ធសភា៕