(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានប្រកាសពីជោគជ័យ ក្នុងការអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន កាលពីឆ្នាំ២០១៧ ទោះបីជាបានទទួលរងទណ្ឌកម្ម ដែលមានសហរដ្ឋអាមេរិកជាមេក្លោង យ៉ាងទ្រោមខ្លួនក៏ដោយក្តី។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ការប្រកាសពីដំណឹងខាងលើនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្រ្តីកូរ៉េខាងជើង លោក ប៉ាក ផុងជូ (Pak Pong Ju) នៅក្នុងរបាយការណ៍មួយនាសម័យប្រជុំពេញអង្គរបស់សភាប្រជាជនកូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក Pak បាននិយាយដូច្នេះថា «ឆ្នាំមុនគឺជាឆ្នាំមានជោគមានជ័យដ៏អស្ចារ្យបំផុត ដោយវឌ្ឍនភាពយ៉ាងប្រសើរ ត្រូវបានកើតមានឡើង ក្នុងការអនុវត្តន៍គម្រោងយុទ្ធសាស្រ្តរយៈពេល ០៥ឆ្នាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
គួរជម្រាបថា បើតាមសម្តីរបស់លោកនាយករដ្ឋមន្រ្តីកូរ៉េខាងជើង ជោគជ័យដែលត្រូវសម្រេចបានកាលពីឆ្នាំមុននេះ បញ្ជាក់ឲ្យឃើញយ៉ាងជាក់ច្បាស់ថា ទោះបីជាមានការខិតខំដាក់ទណ្ឌកម្ម និងសម្ពាធពីសហរដ្ឋអាមេរិក ព្រមទាំងបក្ខពួក ដើម្បីបំផ្លិចបំផ្លាញអធិបតេយ្យភាពរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ព្រមទាំងសិទ្ធិក្នុងការរស់រានមានជីវិត ក៏ដូចជាអភិឌ្ឍន៍ក៏ដោយ គឺមិនអាចរារាំងដល់វឌ្ឍនភាព នៃប្រជាជនកូរ៉េខាងជើងបានឡើយ៕