(សេអ៊ូល)៖ កប៉ាល់នេសាទកូរ៉េខាងត្បូងមួយគ្រឿង បានបុកនាវាដឹកទំនិញមួយគ្រឿង នៅក្នុងដែនសមុទ្រភាគនិរតីប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះតែម្តង ដោយបង្កឲ្យអ្នកនេសាទ ០៣នាក់ស្លាប់ និង ០៣នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
កប៉ាល់នេសាទខាងលើនេះមានឈ្មោះថា 2007 Yeongheung ទម្ងន់ ១៥តោន បានបុកនាវាដឹកទំនិញមួយគ្រឿង ដែលមានទម្ងន់រហូតដល់ទៅ ៤៩៨តោន ជាកម្មសិទ្ធិនៃប្រទេសតង់ហ្សានី កាលពីវេលាម៉ោង ០០៖៣៧នាទីរំលងអធ្រាត នៅក្នុងដែនទឹកដែលមានចម្ងាយ ៩.៦គីឡូម៉ែត្រ ពីឆ្នេររបស់ខេត្តជឿលឡាខាងត្បូង (South Jeolla)។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យកប៉ាល់នេសាទលិចចូលទៅក្នុងសមុទ្រ ដែលជាហេតុនាំឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនច្រើននាក់បែបនេះ។ ក្រុមសង្គ្រោះកូរ៉េខាងត្បូងមានដូចជា អ្នកមុជទឹក ១៩នាក់, ទូកល្បាត ១៧គ្រឿង, យន្តហោះ ០៤គ្រឿង និងនាវាបីគ្រឿង កំពុងបំពេញប្រតិបត្តិការរុករកអ្នកបាត់ខ្លួន ខណៈមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះ មិនទាន់មានការបញ្ជាក់នោះទេ៕