(ស៊ីដនី)៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcolm Turnbull) បានទទួលស្គាល់ថា ច្បាប់ស្ដីពីការរារាំងការលូកដៃ​ពីបរទេស ចូលក្នុងកិច្ចការផ្ទៃ​ក្នុង និងនយោបាយ​អូស្ត្រាលី​ បានបំពុលដល់​ទំនាក់ទំនង​ជាមួយចិន ហើយការថ្លែង​បែបនេះ​របស់លោក​​កើតមានឡើង​បន្ទាប់ ពីមានសេចក្ដី​រាយការណ៍ថា ចិនបានបដិសេធ​ផ្ដល់ទិដ្ឋាការ​ដល់ក្រុម​មន្ត្រី​អូស្រ្ដាលី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

ទំនាក់ទំនង​រវាងចិន និងអូស្រ្ដាលី មានភាពតានតឹងខ្លាំង​កាលពី​ឆ្នាំ២០១៧ ដោយទីក្រុងកង់បេរ៉ា​បង្ហាញពីការព្រួយបារម្ភ​ ចំពោះការកើនឡើង​នៃឥទ្ធិពល​របស់ចិន​នៅក្នុងតំបន់ រហូតដល់មានការស្នើឡើង​នូវច្បាប់ហាមឃាត់​ ការទទួលយក​អំណោយ​នយោបាយពី​បរទេស។ មួយវិញទៀត​សារព័ត៌មាន Australian Financial Review ផ្អែកប្រភពមិន​បញ្ជាក់​អត្តសញ្ញាណ​ ដែលខ្លួន​ទទួលបាន​បានអះអាង​ថា ក្នុងសប្ដាហ៍នេះ ចិនបានបដិសេធ​ផ្ដល់ទិដ្ឋាការ​ដល់ក្រុមមន្ត្រី​អូស្ត្រាលី ក្នុងការចូលរួម​ពិធីតាំងពិព័រណ៌​ពាណិជ្ជកម្ម​ប្រចាំឆ្នាំមួយ​ នៅប្រទេសចិន។

ដោយឡែក​ជុំវិញបញ្ហានេះ ថ្លែងតាមវិទ្យុ 3AW Radio នៅ​ថ្ងៃព្រហស្បតិ៍នេះ លោក Malcolm Turnbull បានគូស​បញ្ជាក់​យ៉ាងដូច្នេះ​ថា «វាច្បាស់​ណាស់ថា ភាពតានតឹង​រវាងចិន និង​អូស្ត្រាលី បានកើតមាន​ឡើងក្រោយ​ការស្នើឡើង​ នូវច្បាប់របស់យើង​ស្ដីពីការ​លូកដៃ​ពីបរទេស ប៉ុន្តែខ្ញុំមានទំនុកចិត្តថា រាល់ការ​យល់ច្រឡំទាំងឡាយ​អាចនឹងត្រូវបាន​ដោះស្រាយ»។ តែយ៉ាង​ណាក៏ដោយ នាយករដ្ឋមន្ត្រី​អូស្រ្ដាលីរូបនេះ បានបដិសេធ​ធ្វើអត្ថាធិប្បាយ នៅពេលត្រូវ​បានគេសួរ​ពីសេចក្ដីរាយការណ៍​ដែលថា ចិនបានបដិសេធ​ផ្ដល់​ទិដ្ឋាការដល់ ក្រុមមន្ត្រី​អូស្ត្រាលី។

គួរបញ្ជាក់ថា កាលពី​ឆ្នាំមុន​ចិនបាននាំចូល​ផលិតផល និងសេវាកម្ម​ពីអូស្ត្រាលី គិតជាទឹកប្រាក់ជាង ៧០ពាន់លានដុល្លារ ប៉ុន្តែទំនាក់​ទំនងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​ហាក់ដូចជា​គ្រាន់តែធ្វើឡើង​ ក្នុងលក្ខណៈ​ត្រឹមរក្សាតុល្យភាព​ប៉ុណ្ណោះ ព្រោះអូស្ត្រាលីនៅតែត្រូវ មើលទឹកមុខសហរដ្ឋអាមេរិក​ ដែលតែងតែក្រើន​រំលឹកអូស្រ្ដាលី​ពីឥទ្ធិពលចិន​នៅ​ក្នុងតំបន់៕