(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានហៅ​ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ថាជាសត្វដែល​ប្រើប្រាស់ឧស្ម័នពុល​ សម្លាប់ប្រជាជនខ្លួនឯង ខណៈលោកកំពុង​ពិចារណា​លើការប្រើប្រាស់​កម្លាំងយោធា ប្រឆាំងនឹង​រដ្ឋាភិបាល​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់​បែបនេះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា ​មនុស្សយ៉ាងហោច​​ណាស់ ៧០នាក់ ក្នុងនោះមាន ទាំងកុមារ និងស្ត្រីបានស្លាប់ នៅ​ក្នុងការវាយប្រហារ​​ដោយ​អាវុធគីមី ​ពី​សំណាក់កង​កម្លាំងរដ្ឋាភិបាល​​ស៊ីរី នៅក្នុង​ទីក្រុងឌួម៉ា កាលពីថ្ងៃសៅរ៍កន្លងទៅ។ ប៉ុន្តែទីក្រុង​​ដាម៉ាស់ បានច្រាន​ចោល​ការ​ចោទប្រកាន់​នេះ រីឯរុស្ស៊ីវិញ​ក៏បាន​ព្រមានដែរថា នឹងបាញ់ទម្លាក់​រាល់មីស៊ីល ទាំង​អស់ដែល​បាញ់ចូល​ក្នុងទឹកដី​​ស៊ីរី។

លោក ត្រាំ បានគូសបញ្ជាក់កាល​ពីថ្ងៃពុធយ៉ាងដូច្នេះថា «រុស្ស៊ីបាន​សន្យាថា​នឹងបាញ់ទម្លាក់​រាល់​មីស៊ីល ដែលត្រូវ​បានបាញ់​​ចូលទឹកដី​ស៊ីរី។ ដូច្នេះ​រុស្ស៊ីគួរតែត្រៀម​ខ្លួន​ឱ្យហើយទៅពីព្រោះមីស៊ីល​ទាំងនោះ​នឹងត្រូវ​បានបាញ់​យ៉ាងល្អ ថ្មី និងឆ្លាត! អ្នកមិនគួរធ្វើ​ជាដៃគូជា​មួយសត្វ (លោក អាស្សាដ) ដែលសម្លាប់ប្រជាជន​​របស់ខ្លួន​ឯងទាល់​តែ​សោះ»

គួរជម្រាបថា ក្រៅពីសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ក៏កំពុងពិចារណា​លើការប្រើប្រាស់កម្លាំងយោធា ​លើកងកម្លាំង​រដ្ឋាភិបាលស៊ីរីផងដែរ ប៉ុន្តែទីក្រុងម៉ូស្គូ​បានព្រមាន​ថា ផលវិបាកធ្ងន់ធ្ងរអាចនឹងផ្ទុះឡើង ហើយថា​ការចោទប្រកាន់ថា របបដឹកនាំស៊ីរី​ប្រើប្រាស់​អាវុធគីមី គ្រាន់តែជាលេស​ដើម្បីវាយប្រហារ​លើស៊ីរីតែ​ប៉ុណ្ណោះ។ «ទីណាមាន​វត្តមាន​របស់អ្នក ទីនោះនឹងមាន​ភាពចលាចល ប៉ុន្តែ យើងសង្ឃឹមថា អ្នកនឹងត្រឡប់ទៅ​រកសតិសម្បជញ្ញៈរបស់អ្នកវិញ បើពុំដូច្នោះ​ទេ​អ្នកនឹងត្រូវទទួលខុសត្រូវ​ ចំពោះផលវិបាក​ដ៏ធ្ងន់ធ្ងរ ដែលបង្កដោយខ្លួន​ឯងផ្ទាល់»។ នេះបើតាម​សម្តីអគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំអង្គការ​សហប្រជាជាតិ៕