(អង់ការ៉ា)៖ ប្រទេសតួកគីនឹងបង្កើតមូលដ្ឋានស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តផ្ទាល់ខ្លួន នៅតំបន់ទឹកកកអង់តាក់ទិក នាប៉ូលខាងត្បូងភពផែនដី នាឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ដំណឹងខាងលើត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីឧស្សាហកម្ម និងបច្ចេកវិទ្យាតួកគី លោក ហ្វារូក អូស្លូ (Faruk Ozlu)។ លោក Ozul បានប្រកាសឲ្យដឹងដូច្នេះថា «យើងនឹងទៅកាន់អង់តាក់ទិក ហើយបង្កើតមូលដ្ឋានវិទ្យាសាស្រ្តផ្ទាល់ខ្លួននៅឆ្នាំក្រោយ ហើយបន្ទាប់មក យើងនឹងដាក់ពាក្យសុំឋានៈជារដ្ឋផ្តល់ប្រឹក្សា ដែលមានសិទ្ធិសម្រេចនៅបច្ចុប្បន្នភាព ព្រមទាំងអនាគតរបស់តំបន់នេះ»។
គួរជម្រាបថា បច្ចុប្បន្ន តួកគី មានឋានៈត្រឹមជារដ្ឋសង្កេតការណ៍ប៉ុណ្ណោះ នៅទ្វីបអង់តាកទិក។ ក្រុមការងារតួកគី ដែលមានអ្នកវិទ្យាសាស្រ្តចំនួន ២៨នាក់ បានធ្វើដំណើរទៅកាន់តំបន់ទឹកកកនេះជាលើកទីពីរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវតំបន់ប៉ូល កាលពីខែកុម្ភៈកន្លងទៅ ហើយនឹងវិលត្រឡប់មកវិញនៅខែមេសានេះ៕