(អាមេរិក)៖ បេសកកម្មប្រកបដោយមហិច្ឆតាមួយ ទៅកាន់អាចម៍ផ្កាយដែលផ្សំឡើងដោយលោហៈធាតុ នឹងជួយអ្នកវិទ្យាសាស្រ្តបង្កើនការយល់ដឹង អំពីរបៀបផែនដី និងភពមានទម្រង់ជាថ្មដទៃទៀតបានធ្វើការវិវត្តន៍រូបរាង កាលពីរាប់ពាន់លានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
បេសកកម្មនៃយានអវកាសឈ្មោះថា Psyche នឹងចាកចេញពីផែនដីនៅឆ្នាំ២០២២ ខណៈគម្រោងដើម បានស្នើឲ្យបាញ់បង្ហោះនៅឆ្នាំ២០២៣ ប៉ុន្តែអង្គការ NASA បានសម្រេចលើកកាលបរិច្ឆេទ ដើម្បីសន្សំសំចៃលើថ្លៃចំណាយ និងដើម្បីទៅដល់អាចម៍ផ្កាយនោះឲ្យបានឆាប់ៗ។ នៅក្រោមគម្រោងថ្មីនេះ យានអវកាស Psyche នឹងធ្វើដំណើរទៅដល់អាចម៍ផ្កាយលោហៈនោះ នៅអំឡុងដើមឆ្នាំ២០២៦។
គួរជម្រាបថា បើតាមការតាមដានពីផែនដី បានឲ្យតំរុយថា អាចម៍ផ្កាយដែលមានមុខកាត់ប្រមាណជាង ២០០គីឡូម៉ែត្រ ដែលគេហៅថា Psyche ដូចទៅនឹងយានអវកាសខាងលើដែរនេះ គឺមានសមាសធាតុផ្សំជាលោហៈធាតុចំនួន ៩៥ភាគរយ គឺដូចទៅនឹងស្នូលរបស់ភពមានទម្រង់ជាថ្ម ដូចជាផែនដីយើងជាដើម។
សម្រាប់លក្ខណៈពិសេសបន្ថែមទៀតនោះ គឺអាចម៍ផ្កាយ Psyche ស្ថិតក្នុងចំណោមអាចម៍ផ្កាយធំៗទាំង ១០ ដែលមានវត្តមាននៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Astroid Belt) នៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ ដោយសារតែវាមិនមានរាងមូលគ្រប់គ្រាន់ និងទំហំតូចបន្តិចនោះ ដូច្នេះវាមិនត្រូវបានចាត់ទុកជាភពបម្រុង (Dwarf Planet) ដូចជា Ceres និង Vesta នោះឡើយ៕