(វ៉ាស៊ីនតោន)៖ CEO ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានប្រឈមមុខនឹងសំណួរដ៏លំបាកជាច្រើន ពាក់ព័ទ្ធនឹងរបៀបប្រមូលទិន្នន័យ និងភាពចាំបាច់លើបទបញ្ញតិថ្មី នៅអំឡុងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម នៃសភាអាមេរិកមានសមាជិកជិត ១០០នាក់ ក្នុងរយៈពេល ០៥ម៉ោង កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
វាគឺជាបង្ហាញខ្លួនលើកទី ២ និងសវនកម្មស្ដាប់លើកចុងក្រោយរបស់ លោក Zuckerberg នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ថា Facebook បានបើកដៃឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ និងប្រមូលទិន្នន័យអ្នកប្រើប្រាស់ជាង ៨៧លាននាក់ ដើម្បីជួយលោក ដូណាល់ ត្រាំ ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ថ្លែងនាឱកាសនោះដែរ CEO រូបនេះ នៅតែសូមអភ័យទោសដដែលសម្រាប់ការបង្កើតកំហុស ដោយមិនបានយកចិត្តទុកឱ្យបានគ្រប់ គ្រាន់លើទំនួលខុសត្រូវរបស់ខ្លួន។
ប៉ុន្តែលោក Zuckerberg ហាក់ដូចជាស្ទាក់ស្ទើរ នៅពេលសមាជិកសភា លោក Frank Pallone មកពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋ New Jersey ឱ្យលើឆ្លើយថា Yes ឬ No ថាតើ Facebook បេ្ដជ្ញាចិត្តផ្លាស់ប្ដូរកំណត់រួចជាស្រេចរបស់ខ្លួន ដើម្បីកាត់បន្ថយការ ប្រមូលទន្និន័យដែរ ឬទេ? «វាគឺជាបញ្ហាស្មុគស្មាញ ដែលមិនសមនឹងបកស្រាយត្រឹមតែចម្លើយមួយម៉ាត់នោះទេ»។ នេះជាការលើក ឡើងរបស់លោក Zuckerberg ជាមួយការអះអាងដោយគ្មានការបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួនរបស់លោក ក៏ស្ថិតនៅក្នុងចំណោមទិន្នន័យអ្នកប្រើប្រាស់ជាង ៨៧លាននាក់ដែលបានបែកធ្លាយផងដែរ។
ក្រោយពីការបកស្រាយរបស់ CEO របស់ Facebook និងវីដេអូនៃការសួរនាំត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមនោះ មហាជនជាច្រើនទូទាំងសកលលោក បានធ្វើការរិះគន់ទៅលើសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទៅវិញ ដោយពួកគេបានបង្ហាញនូវចម្ងល់ថា តើសមាជិកព្រឹទ្ធសភាមួយចំនួននោះ មានការស្វែងយល់គ្រប់ជ្រុងជ្រោយ អំពីដំណើរការរបស់បណ្តាញសង្គមយក្ស នៃប្រទេសរបស់ខ្លួនហៅ ឬនៅ បានជាសួរសំនួរមួយចំនួនមកកាន់ក្រុមការងារ Facebook ហាក់ដូចជាមិនបានដឹងដំណើរការសោះតែម្តង?
គួរបញ្ជាក់ថា ក្រុមអ្នកវិនិយោគបានបង្ហាញការពេញចិត្តចំពោះការបង្ហាញខ្លួនរបស់ CEO ក្រុមហ៊ុន Facebook ខណៈភាគហ៊ុនក្រុមហ៊ុនយក្សមួយនេះបានកើនឡើង ៤.៥ភាគរយ កាលពីថ្ងៃអង្គារ និងកើនឡើង ១.៥ភាគរយ គិតត្រឹមម៉ោងជួញដូរកាលពីថ្ងៃពុធ៕