(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពុំទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនោះទេ ប៉ុន្តែជម្រើសទាំងអស់រួមមានទាំង ការប្រើប្រាស់កម្លាំងយោធា មាននៅលើតុរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានលើកឡើងដូច្នេះថា «យើងនៅតែអះអាងដដែលថា យើងមានជម្រើសជាច្រើនហើយជម្រើសទាំងអស់នោះ មាននៅលើតុរួចជាស្រេច បើទោះជាការសម្រេច ចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្រមានរុស្ស៊ីថា មីស៊ីលអាមេរិកនឹងត្រូវបាញ់ឆ្ពោះទៅកាន់ប្រទេសស៊ីរី ជាការឆ្លើយតបចំពោះការវាយប្រហារដោយអាវុធគីមី សម្លាប់មនុស្ស ៧០នាក់ នៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ តែយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ ក៏បានព្រមានរួចហើយដែរថា ខ្លួននឹងបាញ់ទម្លាក់រាល់មីស៊ីលដែលបាញ់តម្រង់មកកាន់ស៊ីរី ខណៈមានសេចក្ដីរាយការណ៍ថា កងទ័ពរុស្ស៊ីជាច្រើនត្រូវបានគេដាក់ពង្រាយនៅក្នុងទីក្រុង ឌួម៉ា៕