(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីគួរតែត្រៀមខ្លួនឱ្យហើយ ក្នុងការបាញ់ទម្លាក់មីស៊ីល ដែលនឹងត្រូវបាញ់​ចូលក្នុងទឹកដីស៊ីរី ជាការឆ្លើយតបទៅ​នឹងការប្រើប្រាស់​អាវុធគីមី​ នៅក្នុងទីក្រុងឌួម៉ា កាលពី​ថ្ងៃសៅរ៍កន្លងទៅនេះ។ នេះ​បើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC ដែលត្រូវបាន​ដកស្រង់​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «រុស្ស៊ីបាន​សន្យាថា នឹងបាញ់ទម្លាក់​រាល់​មីស៊ីល ដែលត្រូវ​បានបាញ់​ចូលទឹកដី​ស៊ីរី។ ដូច្នេះ​រុស្ស៊ីគួរតែត្រៀម​ខ្លួនឱ្យហើយទៅ ពីព្រោះមីស៊ីល​ទាំងនោះ​ នឹងត្រូវបានបាញ់​យ៉ាងល្អ ថ្មី និងឆ្លាត! អ្នកមិនគួរធ្វើ​ជាដៃគូជា​មួយសត្វ ដែលសម្លាប់ប្រជាជន​របស់ខ្លួន​ឯងទាល់តែ​សោះ»

គួរបញ្ជាក់ថា ភាពតានតឹង​បានផ្ទុះឡើង​កាន់តែខ្លាំង​ នារយៈពេលប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ បន្ទាប់ពី​មនុស្សយ៉ាងហោច​ណាស់ ៧០នាក់ ត្រូវបាន​គេរាយការណ៍​ថា បានស្លាប់នៅ​ក្នុងការវាយប្រហារ​ដោយអាវុធគីមី​ ពីសំណាក់កង​កម្លាំងរដ្ឋាភិបាល​ស៊ីរី នៅក្នុង​ទីក្រុងឌួម៉ា។ ប៉ុន្តែទីក្រុង​ដាម៉ាស់ បានច្រើន​ចោលរាល់ការ​ចោទប្រកាន់ រីឯរុស្ស៊ីវិញ​ក៏បានព្រមានដែរថា នឹងបាញ់ទម្លាក់​រាល់មីស៊ីលទាំង​អស់ដែល បាញ់ចូល​ក្នុងទឹកដី​ស៊ីរី៕