(អាល់ហ្សេរី)៖ យន្តហោះយោធាមួយគ្រឿងបានធ្លាក់ នៅក្បែរព្រលានយន្តហោះ ប្រទេសអាល់ហ្សេរី តំបន់អាហ្វ្រិកខាងជើង ជាមួយនឹងមនុស្សយ៉ាងហោចណាស់ ២៥៧នាក់នៅលើយន្តហោះ ត្រូវស្លាប់បាត់បង់ជីវិតទាំងអស់។ ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញសោកនាដកម្មដ៏រន្ធត់នេះ៖
* ទីតាំង ពេលវេលា និងហេតុការណ៍ធ្លាក់យន្តហោះ៖
យន្តហោះ Ilyushin Il-76 បានធ្លាក់កាលពីវេលាម៉ោង ៨:០០ព្រឹក (ម៉ោងនៅទីក្រុងអាល់ជីស)ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅក្បែរព្រលានយន្តហោះនៃទីក្រុង ប្ល៊ីដា (Blida) ក្នុងខេត្ត បួហ្វារីក (Boufarik) ដែលជាមូលដ្ឋានទ័ពអាកាស ប្រទេស អាល់ហ្សេរី តំបន់អាហ្រ្វិកខាងជើង។
យន្តហោះនេះគ្រោងនឹងចុះចតនៅទីក្រុងដាច់ស្រយាលក្បែរបន្ទាត់ព្រំដែនប្រទេស ម៉ូរ៉ូកូ ទីតាំងជំរុំជនភៀសខ្លួន ដែលបានជម្លៀសខ្លួនចេញពីសង្គ្រាមនៅប្រទេស ម៉ូរ៉ូកូ។ ជាអកុសលយន្តហោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីទើបតែហោះឡើង នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស្រុក Algerie 24។ រូបភាពដែលបង្ហោះក្នុងគេហទំព័រមួយរបស់ ប្រទេសនៅអាហ្វ្រិកមួយបានបង្ហាញពីផ្សែងខ្មៅដែលភាយចេញពីទីតាំងធ្លាក់យន្តហោះ ខណៈដែលមនុស្សមួយចំនួនធំកំពុងព្យាយាមចូលទៅជួយសង្គ្រោះ។
* ជនរងគ្រោះ៖
មន្ត្រីការពារជាតិអាល់ហ្សេរី បានឱ្យដឹងថា នៅលើយន្តហោះមានមនុស្សសរុប ២៥៧នាក់ អ្នកដំណើរ២៤៧នាក់ក្នុងនោះរួមទាំងកុមារផងដែរ និងសហសេវិកបើកយន្តហោះ ១០នាក់។ ដោយឡែកប្រភពពីមន្ត្រីបក្សកាន់អំណាច បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មានមនុស្ស២៦នាក់ ជាសមាជិកចលនា Polisario ជាចលនាបំបែកខ្លួន ក្នុងតំបន់ភាគខាងលិច Sahara។ សាកសពនៃជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
* មូលហេតុ៖
រហូតមកទល់ពេលនេះ មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះនៅឡើយទេ។
* ប្រភេទយន្តហោះ៖
យន្តហោះ Ilyushin Il-76 ត្រូវបានផលិតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងប្រើប្រាស់ជាយន្តហោះដឹកជញ្ជូន ដែលមានសមត្ថភាពរត់លើផ្លូវមិនរាបស្មើបាន។
* ប្រវត្តិនៃការធ្លាក់យន្តហោះ៖
ហេតុការណ៍ធ្លាក់យន្តហោះនៅ ខេត្តប៊ួហ្វារីកនេះ ត្រូវបានចាត់ទុកជាសោកនាកម្មដ៏អាក្រក់បំផុតក្នុងប្រទេស អាល់ហ្សេរី បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះអាល់ហ្សេរីមួយគ្រឿង កាលពីឆ្នាំ ២០០៣កន្លងទៅនេះ ដែលបានធ្លាក់ភ្លាមៗបន្ទាប់ពីទើបតែចេញដំណើរបណ្តាលឱ្យមនុស្ស១០២នាក់ស្លាប់។
ដោយឡែកក្នុងឆ្នាំ២០១៤កន្លងទៅនេះ មនុស្សជាង៧០នាក់ ដែលជាកម្លាំងយោធា និងសមាជិកគ្រួសារបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ C-130 នៅលើភ្នំ Djebel Fertas មុនពេលចុះចតតែបន្តិច។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០១២ យន្តហោះយោធាពីរគ្រឿង បានធ្វើការហ្វឹកហាត់ហោះហើរតាមទម្លាប់ ស្រាប់តែត្រូវបុកគ្នានៅពាក់ កណ្តាលអាកាស ក្នុងភាគពាយព្យប្រទេស បណ្តាលឱ្យអ្នកបើកបរនៃយន្តហោះទាំងពីរត្រូវស្លាប់បាត់បង់ជីវិត។
* ប្រតិបត្តិការជួយសង្គ្រោះ៖
ក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានបញ្ជូនសមាជិក១៣០នាក់ និងរថយន្តពេទ្យ១៤គ្រឿង ព្រមទាំងរថយន្តដឹកទំនិញ១០គ្រឿង ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែពុំមានមនុស្ស ណាម្នាក់នៅរស់ ឬក៏រងរបួសនោះឡើយ។ លោកឧត្តមសេនីយ៍ Gaid Salah បានទៅកាន់កន្លែងកើតហេតុ ព្រមទាំងបានចេញបញ្ជាឱ្យធ្វើការស៊ើបអង្កេតទៅលើហេតុផល ដែលបណ្តាលឱ្យមានហេតុការណ៍ធ្លាក់យន្តហោះនេះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា