(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយថា ទិន្នន័យផ្ទាល់ខ្លួនរបស់លោកត្រូវបានគេលក់ឱ្យភាគីទីបីដែលជាសត្រូវ ជាផ្នែកមួយនៃការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅមុននេះបន្តិចនៅថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
លោក Zuckerberg ថ្លែងបែបនេះនៅអំឡុងពេលផ្ដល់សក្ខីកម្មលើកទីពីរនៅចំពោះមុខសភាអាមេរិក។ បន្ថែមពីលើនេះ នាយកប្រតិបត្តិរូបនេះ ក៏បានគូសបញ្ជាក់ដែរថា បទបញ្ញត្តិសម្រាប់ក្រុមហ៊ុនរបស់លោកគឺជារឿងមួយមិនអាចខ្វះបាន ហើយលោកក៏បានសូមទោសក៏ដូចជា សន្យាផងដែរនឹងធ្វើគ្រប់យ៉ាង ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
សូមជម្រាប់ថា ការថ្លែងលើកទីមួយនៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌ និងពាណិជ្ជកម្មនៃព្រឹទ្ធសភាអាមេរិក លោក Mark Zuckerberg បាននិយាយដូច្នេះថា «ឥឡូវនេះវាច្បាស់ណាស់ហើយថា យើងមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់មិនឲ្យបណ្តាញសង្គមរបស់យើង ត្រូវគេយកទៅប្រើប្រាស់ សម្រាប់រឿងមិនល្អ រួមមានដូចជាការចែកចាយព័ត៌មានក្លែងក្លាយ ការចូលលូកលាន់កិច្ចការបោះឆ្នោតដោយបរទេស និងការញុះញង់ឲ្យមានភាពស្អប់ខ្ពើម និងរើសអើង ព្រមទាំងបញ្ហាទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់»។
នាយកប្រតិបត្តិរូបនេះ បានបន្តទៀតថា «ពួកយើងមិនបានគិតគូរឲ្យបានវែងឆ្ងាយ អំពីការទទួលខុសត្រូវរបស់ពួកយើង ដែលវាគឺជាបញ្ហាដ៏ធំមួយ ហើយខ្ញុំពិតជាសុំទោស។ ខ្ញុំជាអ្នកបង្កើត Facebook ហើយខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះ ដូច្នេះហើយវាគឺជាកំហុសរបស់ខ្ញុំសម្រាប់អ្វីដែលបានកើតឡើងនាពេលនេះ»។
គួរបញ្ជាក់ថា ការបង្ហាញនៅចំពោះមុខសភាអាមេរិក របស់លោក Mark Zuckerberg ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា ក្រុមហ៊ុន Facebook បានបណ្ដាលឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ទិន្នន័យឯកជនអ្នកលេង Facebook ជាង ៨៧លាននាក់ ក្នុងចេតនានយោបាយ ដើម្បីជួយដល់យុទ្ធឃោសនាបោះឆ្នោត ប្រធានាធិបតីអាមរិករបស់ លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦៕