(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖យន្តហោះយោធាមួយគ្រឿងបានធ្លាក់ និងសម្លាប់មនុស្ស២៥៧នាក់ នៅក្បែរព្រលានយន្តហោះក្នុងទីក្រុងមួយរបស់ប្រទេស អាល់ហ្សេរី នៃតំបន់អាហ្វ្រិកខាងជើង៕
២៖ កងទ័ពម៉ារីនម្នាក់របស់សហរដ្ឋអាមេរិក ដែលឈរជើងនៅលើកោះអូគីណាវ៉ា (Okinawa) ត្រូវបានតុលាការក្នុងប្រទេសជប៉ុន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំ នៅថ្ងៃពុធនេះ សម្រាប់ការបើកបរក្រោមជាតិស្រវឹង រហូតបានបណ្តាលឲ្យបុរស ជនជាតិជប៉ុនវ័យ៦៥ម្នាក់ បាត់បង់ជីវិតកាលពីឆ្នាំទៅមិញ៕
៣៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស្ស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បាននិយាយថាការចោទ ប្រកាន់របស់សហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា (Douma) បានបង្ហាញយ៉ាងច្បាស់ថាវាគ្រាន់តែជាលេស ដែលគេប្រើដើម្បីវាយប្រហារលើស៊ីរីតែប៉ុណ្ណោះ៕
៤៖ ក្រុមបច្ចេកទេសរបស់ ទីភ្នាក់ងារអវកាស NASA ទីបំផុតបានចាប់ផ្តើមការងារជាផ្លូវការហើយ នូវដំណាក់កាល ATLO (ដំឡើង ធ្វើតេស្ត និងប្រតិបត្តិការបាញ់បង្ហោះ) ក្នុងការអភិវឌ្ឍយានរ៉ូវើជំនាន់ថ្មី សម្រាប់ស្រាវជ្រាវនៅលើភពអង្គារ (Mars) របស់ខ្លួន ដែលគ្រោងនឹងត្រូវបញ្ជូនឡើងក្នុងទីអវកាស នៅឆ្នាំ២០២០៕
៥៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃពុធនេះបានឱ្យដឹងថា មនុស្សសរុប ០៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រធុន Mi-8 មួយគ្រឿង នៅឯទីក្រុង ខាបាររ៉ូវក៍ (Khabarovsk) នៃតំបន់ចុងខាងកើតបំផុតរបស់ដែនដីសហព័ន្ធរុស្ស៊ី៕
៦៖ នាយកប្រតិបត្តិ (CEO) និងស្ថាបនិករបស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានធ្វើការ សុំទោសជាផ្លូវការនៅចំពោះមុខសភាអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់កំហុសរបស់ខ្លួនដែលបានបណ្តាលឲ្យមានរឿងអាស្រូវ ដ៏ធំ ពាក់ព័ន្ធនឹងការលួចប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុន ខេមប្រ៊ីជ អាន់ណាល់ឡាយធីខា (Cambridge Analytica) ហើយលោក Zuckerberg ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក កំពុងគិតគូរពិចារណាឡើងវិញអំពីការ ទទួលខុសត្រូវរបស់ខ្លួន ចំពោះអ្នកប្រើប្រាស់ក៏ដូចជាសង្គមទាំងមូល៕