(តូក្យូ)៖ កងទ័ពម៉ារីនម្នាក់របស់សហរដ្ឋអាមេរិក ដែលឈរជើងនៅលើកោះអូគីណាវ៉ា (Okinawa) ត្រូវបានតុលាការក្នុងប្រទេសជប៉ុន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ០៤ឆ្នាំ នៅថ្ងៃពុធនេះ សម្រាប់ការបើកបរក្រោមជាតិស្រវឹង រហូតបានបណ្តាលឲ្យ បុរសជនជាតិជប៉ុនវ័យ ៦៥ម្នាក់ បាត់បង់ជីវិតកាលពីឆ្នាំទៅមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ដំបូងឡើយក្រុមរដ្ឋអាជ្ញាជប៉ុន បានព្យាយាមស្នើឲ្យដាក់ទោសបុគ្គលខាងលើរយៈពេល ០៦ឆ្នាំ សម្រាប់បទល្មើសធ្ងន់ធ្ងរបែបនេះ ប៉ុន្តែតុលាការទីក្រុង Naha នៃប្រជុំកោះក៏ដូចជាខេត្តអូគីណាវ៉ា បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ លោក Nicholas James-Mclean វ័យ ២២ឆ្នាំ រយៈពេលត្រឹម ០៤ឆ្នាំវិញ។
គួរជម្រាបថា បើតាមសាលក្រមរបស់តុលាការខាងលើ លោក James-Mclean ខណៈពេលដែលខ្លួនកំពុងបើកបររថយន្តយោធាទម្ងន់ពីរតោន ក្រោមស្ថានភាពស្រវឹងជោគជាំ បានភ្លេចមើលភ្លើងស្តុបពណ៌ក្រហម នៅផ្លូវបំបែកជាបួនមួយកន្លែងក្នុងទីក្រុង Naha ហើយបានហួសទៅបុករថយន្តមួយបាំងកន្លះមួយទៀត ដែលកំពុងធ្វើដំណើរឆ្លងផ្លូវ នៅក្នុងល្បឿនដល់ទៅ ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ជាហេតុបង្កឲ្យម្ចាស់រថយន្តមួយបាំងកន្លះនោះបាត់បង់ជីវិត។
គួរលើកឡើងផងដែរថា ប្រជាជនជប៉ុនព្រមទាំងមន្រ្តីនៅក្នុងតំបន់ ពីមួយថ្ងៃទៅមួយថ្ងៃ មានភាពធុញធ្រាន់កាន់តែខ្លាំងឡើងៗ ចំពោះវត្តមានរបស់យោធាអាមេរិក ដែលឈរជើងនៅអូគីណាវ៉ា រួមមានតាំងពីអំពើឧក្រិដ្ឋកម្ម សំឡេងរំខាន និងឧបទ្ទវហេតុផ្សេងៗ ដែលទាក់ទិននឹងកងទ័ព ក៏ដូចជាយន្តហោះរបស់សហរដ្ឋអាមេរិក។ ជុំវិញរឿងនេះ ពួកគេ ក៏បានបន្តអំពាវនាវឲ្យមានការរុះរើមូលដ្ឋានទ័ពមួយចំនួនរបស់អាមេរិក ចេញពីខេត្តអូគីណាវ៉ា ឬចេញឲ្យផុតពីប្រទេសជប៉ុនតែម្តងផងដែរ៕