(អឺរ៉ុប)៖ ទីភ្នាក់ងារសន្តិសុខអាកាសអឺរ៉ុប (Eurocontrol) បានអំពាវនាវឱ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលប្រតិបត្តិការ ជើងហោះហើរកាត់តាមតំបន់ សមុទ្រមេឌីទែរ៉ានេភាគខាងកើត មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការវាយប្រហារមីស៊ីលលើស៊ីរី អាចនឹងកើតឡើងនៅរយៈពេល ៧២ម៉ោង ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គារ Eurocontrol បានលើកឡើងយ៉ាងដូច្នេះថា «ផ្អែកលើភាពអាចទៅរួច នៃការវាយប្រហារតាមផ្លូវអាកាសលើស៊ីរី ដោយគ្រាប់មីស៊ីលបាញ់ចេញពី យន្ដហោះ ឬនាវាចម្បាំង ក្នុងរយៈពេល ៧២ម៉ោង ខាងមុខទៀតនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការហោះហើរនៅលើតំបន់សមុទ្រមេឌីទែរ៉ានេ ភាគខាងកើត និងតំបន់ Nicosia»។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងកាន់តែខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៧០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារដោយអាវុធគីមី ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងទីក្រុងឌួម៉ា។ ប៉ុន្តែទីក្រុងដាម៉ាស់ បានច្រើនចោលរាល់ការចោទប្រកាន់ រីឯរុស្ស៊ីវិញក៏បានព្រមានដែរថា នឹងបាញ់ទម្លាក់រាល់មីស៊ីលទាំងអស់ដែល បាញ់ចូលក្នុងទឹកដីស៊ីរី៕