(អាហ្វ្រិក)៖ យន្តហោះយោធាមួយគ្រឿងបានធ្លាក់ និងសម្លាប់មនុស្សទាំងអស់ ២០០នាក់ នៅក្បែរព្រលានយន្តហោះ ក្នុងទីក្រុងមួយរបស់ប្រទេសអាល់ហ្សេរី នៃតំបន់អាហ្វ្រិកខាងជើង នៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨
យន្តហោះខាងលើនេះ ត្រូវបានអាជ្ញាធរអាល់ហ្សេរីអះអាងថា ជាប្រភេទ Il-76 ឬក៏ Il-78 (មិនទាន់ប្រាកដ) បានធ្លាក់នៅក្បែរព្រលានយន្តហោះ នៃទីក្រុង ប្លីដា (Blida) ក្នុងខេត្ត បួហ្វារីក (Boufarik) កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក ម៉ោងនៅទីក្រុងអាល់ជីស។ ក្រោយកើតហេតុភ្លាមៗ ក្រុមសង្គ្រោះបានបញ្ជូនសមាជិក ១៣០នាក់ និងរថយន្តពេទ្យ ១៤គ្រឿង ព្រមទាំងរថយន្តដឹកទំនិញ ១០គ្រឿង ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែពុំមានមនុស្សណាម្នាក់នៅរស់ ឬក៏រងរបួសនោះឡើយ។
ដោយឡែកសម្រាប់មូលហេតុ ដែលបង្កគ្រោះថ្នាក់ដ៏អកុសល្យនេះឡើង គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕