(តូក្យូ)៖ ក្រុមអ្នកស្រាវជ្រាវជប៉ុន បានគូសវាសផែនទីរួចរាល់ហើយ សម្រាប់ការគ្រោងធ្វើសកម្មភាពបូមយកធនធានរ៉ែកម្រ ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រោមភក់បាតសមុទ្រ នៃដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការជាចាំបាច់ នៃទីផ្សារសកលលោក។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ AFP នារសៀលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
បើតាមការអះអាងពីក្រុមអ្នកស្រាវជ្រាវជប៉ុន បានឲ្យដឹងទៀតថា ធនធានដែលគេរកឃើញ នៅក្រោមភក់បាតសមុទ្រ ស្ថិតនៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននេះ មានសរុបប្រមាណជា ១៦លានតោន ដែលជាវត្ថុធាតុដើមដ៏ចាំបាច់ នៅក្នុងការផលិតផលិផលបច្ចេកវិទ្យាកំពូលៗ ដូចជាទូរស័ព្ទដៃទំនើបៗ រហូតដល់ទៅផលិតគ្រឿងយន្តផងដែរ។
ក្រុមស្រាវជ្រាវខាងលើនេះ មានប្រភពមកពីសាកលវិទ្យាល័យ ពាណិជ្ជករ និងស្ថាប័នរដ្ឋាភិបាលជប៉ុនមួយចំនួនទៀត ដែលបានធ្វើការសិក្សាជាយូរមកហើយ ទៅលើតំបន់ដែនទឹកមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅក្បែរកោះ Minamitorishima នៃប្រទេសជប៉ុន។ ក្រុមជំនាញបានអះអាងថា រ៉ែអុកស៊ីដដ៏កម្រប្រមាណ ១.២លានតោន ក៏ត្រូវបានរកឃើញនៅទីនោះផងដែរ ក្នុងតំបន់ក្រោមបាតសមុទ្រ ដែលគិតជាផ្ទៃសរុបវិញគឺ ២,៥០០គីឡូម៉ែត្រក្រឡា ឯណោះ។
ទោះបីជាបានរកឃើញថា មានវត្ថុធាតុមានតម្លៃកំពុងរង់ចាំការជីកយកក៏ដោយ ប៉ុន្តែក្រុមជំនាញនៅតែត្រូវការបច្ចេកទេសបន្ថែម ដើម្បីធ្វើការបែងចែករ៉ែសំខាន់ៗ ដែលស្ថិតនៅលាយឡំគ្នានោះ ចេញជាផ្នែកៗ ក្រោយពីការបូមយកចេញពីក្នុងភក់បាតសមុទ្រ ខណៈដែលបច្ចុប្បន្នពិភពលោកបាននិងកំពុងពឹងផ្អែកយ៉ាងធំធេង ទៅលើរ៉ែប្រភេទនេះពីទីផ្សារប្រទេសចិន ប៉ុន្តែចិនពិបាកនៅក្នុងការនាំចេញផលិតទាំងនេះណាស់ ព្រោះតែបញ្ហានៃទំនាក់ទំនងការទូត ដែលរារាំង។
គួរបញ្ជាក់ថា នេះជាសក្តានុពលថ្មីមួយទៀតសម្រាប់ជប៉ុន ក្នុងការឆក់យកឱកាស ជម្រុញផលចំណេញផ្នែកសេដ្ឋកិច្ច អំពីធនធានក៏កម្រនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនៅថ្ងៃខែឆ្នាំណា ដែលធនធានធម្មជាតិនោះ នឹងត្រូវយកចេញមកនោះ៕