(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស្ស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បាននិយាយថា ការចោទប្រកាន់របស់ សហរដ្ឋអាមេរិកជុំវិញការប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា (Douma) បានបង្ហាញយ៉ាងច្បាស់ថា វាគ្រាន់តែជាលេសដែលគេប្រើ ដើម្បីវាយប្រហារលើស៊ីរីតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN លោក Nebenzia ក៏បានអះអាងថា ការចោទប្រកាន់ពីអាវុធគីមី មានគោលដៅបម្រើ ដល់ផលប្រយោជន៍របស់ក្រុមប្រដាប់អាវុធខុសច្បាប់ ហើយលោកព្រមានជាថ្មីថា សហរដ្ឋអាមេរិកនឹងត្រូវទទួលខុស ចំពោះផលវិបាកដែលនឹងកើតឡើង បើសិនជាហ៊ានប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងរបបដឹកនាំក្រុងដាម៉ាស់។
«ការបង្ករឿងនេះ ហាក់ដូចជាខ្យល់ដកដង្ហើម ដែលក្រុមដាប់អាវុធខុសច្បាប់ គំាទ្រដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ត្រូវការជាចំាបាច់... បើទោះ ជាអ្នកកំពុងសម្រេចចិត្តប្រើប្រាស់ កម្លាំងយោធាដោយខុសច្បាប់ក៏ដោយ ក៏យើងនៅតែសង្ឃឹមថា អ្នកអាចនឹងត្រឡប់មកសតិសម្បជញ្ញៈវិញ បើពុំដូច្នោះទេ អ្នកនឹងត្រូវទទួលខុសត្រូវចំពោះ ផលិបាកដែលអ្នកបង្កឡើង»។ នេះជាការលើកឡើងរបស់ លោក Vassily Nebenzia។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខបានរាជ័យក្នុងការអនុម័តលើដំណោះស្រាយ ទាក់ទិននឹងការបើកការស៊ើបអង្កេត លើការប្រើប្រាស់អាវុធគីមីនៅក្នុងទីក្រុងឌួម៉ា ដែលបណ្ដាលឱ្យមនុស្សជាង ៧០នាក់ បាត់បងជីវិត ដោយសារមានការបោះឆ្នោតវ៉េតូ (ជំទាស់) ពីរុស្ស៊ី ខណៈចិនអនុប្បវាទ។ តែទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកបានបញ្ជាក់ហើយថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី បើទោះជា UN គំាទ្រ ឬមិនគាំទ្រក៏ដោយ៕