(ហៃណាន)៖ ការបំផុសគំនិតដ៏សំខាន់បំផុត ដែលចិនទទួលបានពីកំណែទម្រង់សេដ្ឋកិច្ចបួនទសវត្សរ៍កន្លងមក និងការអភិវឌ្ឍរបស់ចិនទាំងមូលនោះ គឺមិនអាចសម្រេចទៅបាននោះឡើយ ដោយគ្មានពិភពលោកមួយនេះ ខណៈដែលពិភពលោកទាំងមូល ក៏ត្រូវការចិនដូចគ្នាសម្រាប់ការអភិវឌ្ឍជារួម។ នេះបើតាមការសម្តីរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅចំពោះមុខបណ្តាមេដឹកនាំអន្តរជាតិនានា ដែលចូលរួមវេទិកាសេដ្ឋកិច្ចអាស៊ី ប៉ូអៅ (Boao) ប្រព្រឹត្តទៅនៅខេត្តណៃណាន ភាគអាគ្នេយ៍ប្រទេសចិន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
សម្រាប់កិច្ចប្រជុំ Boao ខាងលើនេះ គឺត្រូវបានប្រារព្ធឡើង តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េះ ដោយវាមានរយៈពេល ០៤ថ្ងៃ គិតត្រឹមថ្ងៃបិទបញ្ចប់ នាថ្ងៃពុធនេះតែម្តង នៅទីក្រុងទេសចរណ៍ Boao នៃខេត្តដីកោះហៃណាន ប្រទេសចិន។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅ ចំថ្ងៃដែលចិនប្រារព្ធខួបទី ៤០ឆ្នាំ នៃការចាប់ផ្តើមកំណែទម្រង់ស៊ីជម្រៅ ដែលបានជម្រុញប្រទេសដែលធ្លាប់រងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ ឲ្យក្លាយទៅជាមហាយក្សសេដ្ឋកិច្ចលេខ ១ នៅទ្វីបអាស៊ី និងលេខ ២ នៅលើសកលលោកទាំងមូល។
នៅក្នុងកិច្ចប្រជុំនោះដែរ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ដែលបានចូលរួម លោកបានសង្កត់ធ្ងន់ថា «នៅរយៈពេល ០៤ទសវត្សរ៍មកនេះ យើងបានឃើញការផ្លាស់ប្តូរជាច្រើន មិនមែនតែនៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពសកម្មកើតឡើងនៅទូទាំងពិភពលោកទាំងមូលផងដែរ។ សម្រាប់គំរោងខ្សែក្រវាត់ និងផ្លូវ ពិតជាអាចផ្តល់នូវប្រសិទ្ធភាពក្នុងការបង្កើតពិភពលោកមួយ ដែលមានយុត្តិធម៌ សន្តិភាព និងភាពថ្កុំថ្កើងរុងរឿង»។
គួរបញ្ជាក់ថា សម្រាប់ការរៀបចំវេទិកាសេដ្ឋកិច្ច Boao ទាំងមូល និងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខាងលើនេះ ក៏បានទទួលការកោតសរសើរ និងស្វាគមន៍យ៉ាងខ្លាំងផងដែរ ពីសំណាក់បណ្តាមេដឹកនាំពិភពលោក និងតំណាងអង្គការ ព្រមទាំងពាណិជ្ជករអន្តរជាតិទាំងឡាយ ដែលបានចូលរួមមានដូចជា អគ្គលេខាធិការ UN, នាយករដ្ឋមន្ត្រីសិង្ហបុរី, នាយករដ្ឋមន្ត្រីអូទ្រីស, នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងប្រធានាធិបតីហ្វីលីពីនជាដើម៕