(អាមេរិក)៖ ក្រុមបច្ចេកទេសរបស់ ទីភ្នាក់ងារអវកាស NASA ទីបំផុតបានចាប់ផ្តើមការងារជាផ្លូវការហើយ នូវដំណាក់កាល ATLO (ដំឡើង ធ្វើតេស្ត និងប្រតិបត្តិការបាញ់បង្ហោះ) ក្នុងការអភិវឌ្ឍយានរ៉ូវើជំនាន់ថ្មី សម្រាប់ស្រាវជ្រាវនៅលើភពអង្គារ (Mars) របស់ខ្លួន ដែលគ្រោងនឹងត្រូវបញ្ជូនឡើងក្នុងទីអវកាស នៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក យានរ៉ូវើឆ្នាំ២០២០ (Mars Rover 2020) នឹងធ្វើការវាយតម្លៃ ទៅលើសណ្ឋានភូមិសាស្រ្ត នៃទីតាំងចុះចតរបស់វា នៅលើភពអង្គារ ដែលទីតាំងនេះ មិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ និងកំណត់កម្រិតអាចឲ្យមនុស្សរស់នៅបាន នៃបរិស្ថានរបស់ Mars ក៏ដូចជារុករកសញ្ញា នៃជិវិតពីអតីតកាល ហើយស្ទាបស្ទង់មើលធនធានធម្មជាតិ ព្រមទាំងកត្តាគ្រោះថ្នាក់ផ្សេងៗ សម្រាប់បេសកកម្មធ្វើឡើងដោយមនុស្ស ដែលអាចកើតមាននៅលើភពក្រហមនេះ។
គួរជម្រាបថា យានរ៉ូវើជំនាន់ថ្មីនេះ ដែលនឹងមានលក្ខណៈស្រដៀងទៅនឹងយានរ៉ូវើ Curiosity ដែលកំពុងធ្វើប្រតិបត្តិការនៅ Mars នឹងត្រូវបាញ់បង្ហោះនៅខែកក្កដា ឆ្នាំ២០២០ តាមរយៈគ្រាប់រ៉ុក្កែត Atlas V 541 ចេញពីមូលដ្ឋាន Space Launch Complex 41 នៅបន្ទាយទ័ពអាកាសអាមេរិក ក្នុងជ្រោយ Cape Canaveral នៃរដ្ឋផ្លូវរីដា។
អង្គការ NASA ទើបតែធ្វើតេស្តបច្ចេកវិទ្យាឆ័ត្រយោងថ្មី ដែលត្រូវបានរចនាឡើង ដើម្បីជួយឲ្យយាន Mars Rover 2020 របស់ NASA ចុះទៅដល់ភពអង្គារ (Mars) ដោយសុត្ថិភាព ខណៈយានដែលមានទំហំប៉ុនរថយន្តធម្មតាមួយគ្រឿង និងមានលក្ខណៈស្រដៀងនឹងយាន Curiosity នេះត្រូវគេគ្រោងនឹងឲ្យធ្វើយ៉ាងណាឲ្យវាចុះជាន់ដល់ដី Mars នៅឆ្នាំ២០២១ ដើម្បីតាមប្រមាញ់រុករកសញ្ញា នៃទម្រង់ជីវិតកាលពីអតីតកាល នៅលើភពក្រហមនេះ នៅក្នុងរយៈពេលប្រតិបត្តិការ ០២ឆ្នាំ៕