(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃពុធនេះបានឱ្យដឹងថា មនុស្សសរុប ០៦នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រធុន Mi-8 មួយគ្រឿង នៅឯទីក្រុង ខាបាររ៉ូវក៍ (Khabarovsk) នៃតំបន់ចុងខាងកើតបំផុតរបស់ដែនដីសហព័ន្ធរុស្ស៊ី។ នេះបើតាមការចេញផ្សាយសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ Mi-8 បានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់ ភាគខាងកើតរុស្ស៊ី) ហើយបើតាមព័ត៌មានបឋម មនុស្ស ០៦នាក់ ដែលជិះនៅលើនោះបានស្លាប់ទាំងអស់»។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធររុស្ស៊ីនៃដែនភាគខាងកើត កំពុងដឹកនាំការស៊ើបអង្កេតនៅឡើយ ប៉ុន្តែវាមិនមែនជាលើកទី ១ នោះឡើយសម្រាប់ករណីធ្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី នៅអំឡុងប៉ុន្មានខែដំបូង នៃឆ្នាំ២០១៨ នេះ៕