(វ៉ាស៊ីនតោន)៖ សេតវិមានហាក់ដូចជាបានប្ដូរគំនិតរបស់ខ្លួន ដោយនិយាយជាសាធារណៈថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានអំណាចគ្រប់គ្រាន់ ដើម្បីបណ្ដេញអគ្គរដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ចេញពីតំណែង។ នេះបើតាមអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅពេលអ្នកសារព័ត៌មានសួរថា តើលោក ត្រាំ មានអំណាចបណ្ដេញលោក Mueller ដែរឬទេ? អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ប្រាកដណាស់ លោក (លោក ដូណាល់ ត្រាំ) មានជំនឿថា លោកមានអំណាច ដើម្បីធ្វើដូច្នោះ»។ យ៉ាងណាក៏ដោយ បើគេចាំមិនភ្លេចទេ រដ្ឋបាលលោក ត្រាំ ធ្លាប់បានបដិសេធជាច្រើនដងថា មិនដែលពិចារណា បណ្ដេញលោក Mueller ចេញពីតំណែងឡើយ ហើយការផ្លាស់ប្ដូរចិត្តនៅពេលនេះ កើតមានឡើងក្រោយ FBI ចុះឆែកឆេរការិយាល័យមេធាវី ផ្ទាល់ខ្លួនម្នាក់របស់លោក ត្រាំ កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា នៅក្នុងការចុះឆែកឆេនេះ ក្រុមរដ្ឋអាជ្ញាក្នុងសង្កាត់ មែនហាតធិន (Manhattan) បានប្រមូល E-mail ឯកសារពន្ធ កំណត់ហេតុពាណិជ្ជកម្ម និងការទំនាក់ទំនងរវាងលោក ត្រាំ និងមេធាវីរបស់លោក គឺលោក ម៉ៃខឺល ខូហេន (Michael Cohen)។ ប៉ុន្តែការចុះឆែកឆេរនេះ ត្រូវបានគេរាយការណ៍ថា មិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ នឹងការស៊ើបអង្កេតរបស់លោក Mueller ពាក់ព័ន្ធនឹងការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ នោះទេ៕