(បាងកក)៖ បទចម្រៀងថ្មីដែលមានទំនុកច្រៀង ជាស្នាដៃនិពន្ធផ្ទាល់របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានដាក់ឲ្យជនរួមជាតិថៃស្តាប់កម្សាន្តនាពេលថ្មីនេះ នៅលើបណ្តាញអ៊ីនធើណែត ដែលវាមានបទភ្លេងស្រដៀងទៅនឹង ចម្រៀងនៅក្នុងខ្សែភាពយន្តភាគថៃ ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាយើង មានចំណងជើងថា «បុព្វេសន្និវាស» ឬ «Love Destiny»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
បទចម្រៀងមានចំណងជើងថា «តស៊ូដើម្បីប្រទេសជាតិ (Fight for the Nation)» ដែលត្រូវបានចេញនៅប៉ុន្មានថ្ងៃ មុនព្រឹត្តិការណ៍មហាសង្រ្កានឆ្នាំថ្មីរបស់ប្រទេសថៃចូលមកដល់នោះ តាមពិតទៅមានអ្នកនិពន្ធបទភ្លេងដូចគ្នាទៅនឹងបទក្នុងរឿង បុព្វេសន្និវាស (Bupphesaniwat) ដែរ។ «មិនថាខ្ញុំមានការនឿយហត់ប៉ុណ្ណោះនោះឡើយ ខ្ញុំតែងតែទុកវានៅក្នុងចិត្ត ពីព្រោះបេះដូងខ្ញុំប្រាប់រូបខ្ញុំឲ្យខិតខំតស៊ូ ដើម្បីបម្រើជាតិ» ដែលនេះគឺជាឃ្លាមួយនៅក្នុងបទចម្រៀងថ្មី របស់លោកនាយករដ្ឋមន្រ្តីថៃរូបនេះ។
គួរជម្រាបថា Bupphesaniwat ដែលជាខ្សែភាពយន្តភាគទូរទស្សន៍ រៀបរាប់ពីដំណើររឿងនៃវិញ្ញាណរបស់នារីថៃសម័យថ្មីម្នាក់ វិលត្រឡប់ទៅកាន់សម័យអាយុធ្យា ដោយចូលទៅក្នុងរាងកាយ នៃបងប្អូនស្រីភ្លោះរបស់នាង កាលពីអតីតជាតិ ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយកូនអ្នកអភិជនម្នាក់ដ៏ស្រស់សង្ហារម្នាក់ នៅសម័យកាលនោះ គឺជាខ្សែភាពយន្តកំពុងមានភាពល្បីល្បាញបំផុត នៅក្នុងប្រទេសថៃផ្ទាល់ ដោយសារប្រជាជនថៃជាច្រើននាក់ បានផ្អើលនាំគ្នាថតរូបកម្សាន្ត នៅក្នុងសំលៀកបំពាក់កាលពីសម័យអាយុធ្យា។
ហេតុនេះហើយ ទើបបទចម្រៀងថ្មីរបស់លោកនាយករដ្ឋមន្រ្តី ព្យាយាមឆ្លៀតឱកាសទាញយកប្រយោជន៍ អំពីភាពល្បីល្បាញនៃរឿងភាគថៃនេះ។ បទចម្រៀងខាងលើ គឺជាបទទី ០៦ហើយ ដែលនិពន្ធទំនុកច្រៀងដោយលោក ប្រាយុទ្ធ ចាន់អូចា គិតចាប់តាំងតែពីលោក បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៤ ដោយស្នាដៃរបស់លោករួមមានបទ «Returning Happiness to the People (ប្រគល់សុភមង្គលទៅឲ្យប្រជាជនវិញ)», «Because You're Thailand (ព្រោះអ្នក គឺជាថៃ)», « Hope and Faith (ក្តីសង្ឃឹម និងជំនឿជឿជាក់)», «Bridge (ស្ពានចម្លង)», និង «Diamond Heart (បេះដូងពេជ្យ)»៕