(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) និងស្ថាបនិករបស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានធ្វើការសុំទោសជាផ្លូវការ នៅចំពោះមុខសភាអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់កំហុសរបស់ខ្លួន ដែលបានបណ្តាលឲ្យមានរឿងអាស្រូវដ៏ធំ ពាក់ព័ន្ធនឹងការលួចប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុន ខេមប្រ៊ីជ អាន់ណាល់ឡាយធីខា (Cambridge Analytica) ហើយលោក Zuckerberg ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក កំពុងគិតគូរពិចារណាឡើងវិញ អំពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះអ្នកប្រើប្រាស់ក៏ដូចជាសង្គមទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយរបស់ស្ថានីយទូរទស្សន៍ CNN នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌ និងពាណិជ្ជកម្មនៃព្រឹទ្ធសភាអាមេរិក លោក Mark Zuckerberg បាននិយាយដូច្នេះថា «ឥឡូវនេះវាច្បាស់ណាស់ហើយថា យើងមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់មិនឲ្យបណ្តាញសង្គមរបស់យើង ត្រូវគេយកទៅប្រើប្រាស់ សម្រាប់រឿងមិនល្អ រួមមានដូចជាការចែកចាយព័ត៌មានក្លែងក្លាយ ការចូលលូកលាន់កិច្ចការបោះឆ្នោតដោយបរទេស និងការញុះញង់ឲ្យមានភាពស្អប់ខ្ពើម និងរើសអើង ព្រមទាំងបញ្ហាទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់»។
នាយកប្រតិបត្តិរូបនេះ បានបន្តទៀតថា «ពួកយើងមិនបានគិតគូរឲ្យបានវែងឆ្ងាយ អំពីការទទួលខុសត្រូវរបស់ពួកយើង ដែលវាគឺជាបញ្ហាដ៏ធំមួយ ហើយខ្ញុំពិតជាសុំទោស។ ខ្ញុំជាអ្នកបង្កើត Facebook ហើយខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុននេះ ដូច្នេះហើយវាគឺជាកំហុសរបស់ខ្ញុំសម្រាប់អ្វីដែលបានកើតឡើងនាពេលនេះ»។
គួរជម្រាបថា នៅក្នុងអំឡុងការចូលខ្លួនបកស្រាយរយៈពេល ០៥ម៉ោង ខាងលើនេះ លោក Mark Zuckerberg បានឆ្លើយតបនឹងសំណួរជាច្រើន រួមមានការទាក់ទិននឹងវិធីសាស្រ្ត នៃការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់ Facebook ជាដើម។ នៅអំឡុងពេលនោះ ព្រឹទ្ធសមាជិកដល់ទៅ ៤៤នាក់ ឯណោះ បានដាក់វេនគ្នាក្នុងម្នាក់រយៈពេល ០៥នាទី ដើម្បីចោទសួរទៅកាន់ Zuckerberg។ យ៉ាងណាមិញ លោក Zuckerberg បានមានភាពស្ទាក់ស្ទើរបន្តិចបន្តួច ក្នុងការឆ្លើយសំណួរមួយចំនួន រួមមានទាំងសំណួរដែលថា តើហេតុអ្វីដែលបានបុគ្គលិករបស់ Facebook សម្រេចមិនជូនដំណឹងដល់អ្នកប្រើប្រាស់ អំពីបញ្ហាទិន្នន័យរបស់ក្រុមហ៊ុន Cambridge Analytica នៅពេលដែលវាលេចឡើងជាលើកដំបូង កាលពីឆ្នាំ២០១៥?
នៅពេលត្រូវបានចោទសួរដោយ លោក ធន ធ្សូន (John Thune) ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម នៃព្រឹទ្ធសភាថា ហេតុអ្វីដែលជាអ្នករាល់គ្នាគួរមានជំនឿជឿជាក់លើលោក Mark Zuckerberg នាពេលនេះ ក្រោយពីរូបលោកធ្លាប់បានសន្យាអស់ពេលជាច្រើនឆ្នាំមកហើយថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្រុមហ៊ុន Facebook ឲ្យល្អនោះ? CEO រូបនេះបានទទួលស្គាល់ដូច្នេះថា «យើងធ្លាប់បានប្រព្រឹត្តកំហុសជាច្រើន ក្នុងការគ្រប់គ្រងក្រុមហ៊ុននេះ ពីព្រោះថា វាពិតជាមិនអាចទៅរួចនោះឡើយ ដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុន ចេញពីអគារស្នាក់នៅក្នុងមហាវិទ្យាល័យរបស់អ្នក ហើយពង្រីកវាដល់កម្រិតដូចបច្ចុប្បន្ន ដោយពុំមានបង្កកំហុសខ្លះៗនោះ។ ប៉ុន្តែឥឡូវនេះ ខ្ញុំចង់និយាយថា ពួកយើងកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ផ្នែកទស្សនវិជ្ជាដ៏ទូលំទូលាយមួយ នៅក្នុងរបៀបដែលយើង ធ្វើប្រតិបត្តិការក្រុមហ៊ុននេះ»។
បន្ថែមពីខាងលើនេះ ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានទទួលស្គាល់ហើយថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ក្នុងការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។
លោក Zuckerberg ធ្វើការអះអាងបែបនេះ នៅអំឡុងពេលផ្ដល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក កាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទុះ ឡើងនូវរឿងអាស្រូវបណ្ដោយឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ទិន្នន័យឯកជនអ្នកលេង Facebook ជាង ៨៧លាន នាក់ក្នុងចេតនានយោបាយ។
ដោយឡែក នៅពេលត្រូវបានព្រឹទ្ធសមាជិក លោក Patrick Leahy សួរថា តើ Facebook កំពុងធ្វើកិច្ចសហការជាមួយ លោក Robert Mueller ឬក៏យ៉ាងណា លោក Zuckerberg បានឆ្លើយថា «Yes» ហើយនៅពេលត្រូវបាន សួរថា តើបុគ្គលិករបស់លោកត្រូវបានគេសម្ភាសន៍ដែរ ឬទេ លោកនៅតែឆ្លើយថា «Yes» ដដែល ប៉ុន្តែលោកអះអាងថា លោកមិនធ្លាប់ត្រូវគេសាកសួរអ្វីឡើយ។
លើសពីនេះទៅទៀត CEO Facebook រូបនេះបន្ថែមដូច្នេះដែរថា «ខ្ញុំចង់ឱ្យមានការប្រុងប្រយ័ត្ននៅទីនេះ ពីព្រោះការងាររបស់ ពួកយើងជាមួយរដ្ឋអាជ្ញាពិសេស គឺប្រកបដោយទំនុកចិត្ត ហើយខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំនឹងមិនបង្ហាញឡើយថា អ្វីគឺជាទំនុកចិត្តនោះ»។
គួរបញ្ជាក់ថា ការបង្ហាញខ្លួនរបស់លោក Mark Zuckerberg នៅចំពោះមុខសភាអាមេរិក កើតមានឡើងជិតមួយខែ បន្ទាប់ពីមានការចោទប្រកាន់ថា Facebook បានបណ្ដោយឱ្យក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ទិន្នន័យឯកជនអ្នកលេង Facebook ជាង ៨៧លាននាក់ ក្នុងចេតនានយោបាយ ដើម្បីជួយដល់យុទ្ធឃោសនាបោះឆ្នោត ប្រធានាធិបតីអាមរិករបស់ លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦៕