(ញូដេលី)៖ ក្រសួងអាកាសចរណ៍ស៊ីវិល នៃប្រទេសឥណ្ឌាបានបញ្ជាឲ្យមានការស៊ើបអង្កេតមួយ នៅថ្ងៃអង្គារនេះតែម្តង ករណីមានសេចក្តីរាយការណ៍ថា អ្នកដំណើរម្នាក់ត្រូវបានបង្ខំឲ្យចុះចេញពីជើងហោះហើរឯកជនមួយ ដោយសារតែរូបគេត្អូញថា នៅលើយន្តហោះនោះ មានសត្វមូសរំខានច្រើនពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងខាងលើ គឺលោក សូរែស ប្រាបហ៊ូ (Suresh Prabhu) បានបង្ហោះនៅក្នុងបណ្តាញ Twitter របស់លោកថា «ខ្ញុំបានបញ្ជាឲ្យមានការស៊ើបអង្កេតមួយ ទៅលើការបណ្តេញ លោកបណ្ឌិត សរ៉ាប់ រ៉ៃ (Saurabh Rai) ចុះចេញពីជើងហោះហើរឯក Indigo ដោយសារតែលោកបានត្អូញថា នៅលើនោះមានសត្វមូលច្រើនពេកនោះ»។
បណ្ឌិត សរ៉ាប់ រ៉ៃ បានគ្រោងធ្វើដំណើរពីទីក្រុង Lucknow ទៅកាន់ទីក្រុង Bengaluru ដោយលោកបានចោទបុគ្គលិកបម្រើការ លើអាកាចរណ៍ខាងលើនេះថា បានចាប់ទាញលោកចេញពីលើយន្តហោះ បន្ទាប់ពីលោកអះអាងថា នៅលើយន្តហោះនោះមានសុទ្ធតែសត្វមូស។ ក្រោយមកអាកាសចរណ៍ Indigo បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការចោទប្រកាន់ អំពីការប្រើទង្វើឈ្លើយដាក់បណ្ឌិតខាងលើនេះ៕