(អាមេរិក)៖ តើអ្នកទាំងអស់គ្នាមានធ្លាប់គិតទេថា តើនឹងមានអ្វីកើតឡើង នៅពេលមនុស្សចាប់កំណើតនៅក្នុងទីអវកាស? នាពេលនេះក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA កំពុងតែជិតអាចផ្តល់ចម្លើយ សម្រាប់សំណួរនេះបានហើយ និយាយរួមទៅ គឺពួកគេចង់ធ្វើការស្វែងយល់ពីអាកប្បកិរិយា នៃស្ពែម៉ាតូសូអ៊ីត (Sperm) របស់មនុស្សនៅក្នុងអវកាស។ នេះបើតាមការចេញដកស្រង់ព័ត៌មានពីវែបសាយ Futurism នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
កាលពីសប្តាហ៍មុននេះ ក្រៅពីសម្ភារៈផ្គត់ផ្គង់ និងពិសោធន៍ទម្ងន់ជាង ២,៦០០គីឡូក្រាម ទីភ្នាក់ងារអវកាស NASA ក៏បានបញ្ជូនគំរូ Sperm របស់បុរស មួយចំនួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ផងដែរ។ វាស្តាប់ទៅហាក់ដូចជាការប្រើប្រាស់ធនធាន ចោលឥតប្រយោជន៍ ប៉ុន្តែអង្គការ NASA កំពុងព្យាយាមផ្តល់ចម្លើយ សម្រាប់សំណួរមួយ ដែលបានអូសបន្លាយអស់ជាយូរណាស់មកហើយ ចាប់តាំងតែពីយើងទាំងអស់គ្នា ដឹងថា មនុស្សលោកនាពេលអនាគត នឹងត្រូវរស់នៅក្នុងទីអវកាស ឬក៏យ៉ាងហោចណាស់ទៅធ្វើដំណើរកម្សាន្តនៅទីនោះ ដោយសំណួរនោះគឺថា តើយើងអាចបង្កកំណើតនៅក្នុងបរិស្ថាននៃ Zero Gravity (អត់ទំនាញ) បានដែរ ឬអត់?
ខណៈដែលគម្រោងសណ្ឋាគារអវកាសប្រណិតៗ និងព្រមទាំងបេសកម្មរយៈពេលយូរៗនៅភពអង្គារ (Mars) ចាប់ផ្តើមលេចឡើង ឆ្ពោះទៅរកការពិតបន្តិចម្តងៗហើយនោះ វាជៀសមិនផុតនោះឡើយ ដែលមនុស្សនឹងត្រូវតែធ្វើការបង្កកំណើត ឬក៏យ៉ាងហោចណាស់ព្យាយាមធ្វើយ៉ាងដូច្នោះនៅក្នុងទីអវកាស។ ហេតុដូច្នេះហើយ វាគឺជារឿងល្អក្នុងការចាប់ផ្តើម ផ្តោតការយកចិត្តទុកដាក់លើរឿងនេះ នៅមុនពេលស្ថានភាពជាក់ស្តែងកើតឡើង។
នៅក្នុងបេសកកម្ម ដែលត្រូវបានគេដាក់ឈ្មោះថា Micro-11 ក្រុមអវកាសយានិកនៅលើស្ថានីយ ISS នឹងធ្វើតេស្តមើលថា តើគំរូ Sperm របស់មនុស្សយើង អាចធ្វើចលនាដោយសេរី និងលឿនគ្រប់គ្រាន់ ដើម្បីទៅរួមបញ្ចូលគ្នាជាមួយស៊ុត នៅក្នុងប្រអប់ពិសោធន៍ Microgravity Science Glovebox របស់ ISS ដែរឬយ៉ាងណា។ ក្រុមការងារ ISS ក៏នឹងថតវីដេអូនៃដំណើរការពិសោធន៍នេះ ហើយបញ្ជូនមកកាន់ផែនដី ដើម្បីធ្វើការវិភាគផងដែរ។
យ៉ាងណាមិញ វាពុំមែនជាលើកទីមួយឡើយ ដែលយើងបានសិក្សាអំពី Sperm នៅក្នុងទីអវកាស។ កាលពីឆ្នាំ២០១៧ NASA បានរកឃើញថា Sperm បង្កករបស់សត្វកណ្តុរ អាចបន្តស្ថិតនៅលើស្ថានីយ ISS ដល់ទៅ ០៩ខែ ដោយគ្មានបញ្ហា និងអាចយកមកបង្កកំណើតឲ្យកូនកណ្តុរ នៅលើផែនដីវិញ ដោយមានសុខភាពធម្មតា។
គួរជម្រាបថា នៅពេលដែលយើងយល់ពីរបៀប Sperm របស់មនុស្សធ្វើការនៅក្នុងទីអវកាសនោះ វានឹងនៅមានចំណួរជាច្រើនទៀត រួមមានបញ្ហាលម្អិតទាក់ទិននឹង «ការរួមភេទនៅទីអវកាស» តើមនុស្សអាចបង្កើតកូននៅក្នុងលក្ខខណ្ឌ Zero Gravitity ដោយពុំមានបញ្ហាដែរ ឬទេ តើយើងជម្នះលើកម្រិតដ៏ខ្លាំងក្លា នៃរលកវិទ្យុសកម្មនៅទីនោះ ដោយរបៀបណា និងតើកង្វះខាតនៃកម្លាំងទំនាញ នឹងប៉ះពាល់ដល់ការលូតលាស់កុមារតូចៗ ឬក៏អត់៕