(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារល្បាតព្រំដែនអាមេរិកបានឱ្យដឹងថា ការសាងសង់រនាំងព្រំដែនភាគខាងត្បូង ជាមួយប្រទេសម៉ិចស៊ីកូ បាន ចាប់ផ្ដើមហើយ បើទោះជាម៉ិចស៊ីកូជំទាស់យ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
យោងតាមនាយកទីភ្នាក់ងារល្បាតព្រំដែនអាមេរិក លោក អារ៉ុន ហាល (Aaron A. Hull) រនាំងព្រំដែនដែលមានស្រាប់ជាមួយម៉ិចស៊ីកូ ក្នុងទីក្រុង អែល ផាសូ (El Paso) នៃរដ្ឋតិចសាស់ នឹងត្រូវបានជំនួសដោយរនាំងព្រំដែនថ្មី។ លោក Hull បញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាការចាប់ផ្ដើមសាងសង់ ជញ្ជាំងរបស់លោកប្រធានាធិបតី ហើយដែលគំរោងនេះមានបណ្ដោយប្រវែង ៣២គីឡូម៉ែត្រ និងកម្ពស់ ០៩ម៉ែត្រ លាតសន្ធឹងពីទីក្រុង តាន់តា ទែរ៉េសា (Santa Teresa) និង ទីក្រុង ញូម៉ិចស៊ីកូ (New Mexico) តែម្តង»។
លើសពីនេះទៅទៀត នាយកខាងលើបានបន្ថែមថា ការសាងសង់ជញ្ជាំងព្រំដែនថ្មីនេះធ្វើ ឡើងស្របតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីអន្តោប្រវេសន៍កាលពីខែមករា ឆ្នាំ២០១៧ ដែលនឹង ប្រើពេលមួយឆ្នាំក្នុងការសាងសង់ និងមានតម្លៃជាង ៧៣លានដុល្លារ។
គួររំលឹកថា ពាក់កណ្ដាលនៃព្រំដែនមានប្រវែង ៣,៣០០គីឡូម៉ែត្រ រវាងប្រទេសទាំងពីរនឹងមានជញ្ជាំងព្រំដែន ឬរនាំងព្រំដែននៅ ត្រឹមឆ្នាំ២០២៧ បើសិនជាការសាងសង់ត្រូវបញ្ចប់ទាំងស្រុង៕