(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ណាឡេយ (Nikki Haley) បានព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើ សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ទោះបីជាមាន ឬមិនមានការផ្ដល់ជំនួយពី UN ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទ លោកស្រីទូតអាមេរិក ក៏បានបន្ទោសរុស្ស៊ីផងដែរថា ជាអ្នកកាងនៅពីក្រោយ និងមានចេតនាបណ្ដោយឱ្យមានការប្រើប្រាស់អាវុធគីមី ប្រឆាំងនឹងជនស៊ីវិលនៅក្នុងប្រទេសស៊ីរី។ លោកស្រី Haley បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុងបង្ហាញលើសពីរូបភាព នៃទារកដែលបានស្លាប់ និងអំពាវនាវឱ្យមានមសិកាឡើងវិញ ស្របពេលយើងបានដើរ ដល់ពេលវេលាពិភពលោកត្រូវតែឃើញយុត្តិធម៌ ខណៈរុស្ស៊ីកំពុងគាំទ្របិសាច អាស្សាដ ដែលបាននិងកំពុងសម្លាប់ កុមារតូចៗដោយអាវុធគីមី»។
យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក វ៉ាស្ស៊ីលី ណេបិនស្យ៉ា (Vassily Nebenzia) បានច្រានចោលការចោទប្រកាន់របស់លោកស្រី Haley ព្រមទាំងព្រមានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចថា នឹងត្រូវទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរ បើសិនជាហ៊ានប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងរបបស៊ីរី។
«បច្ចុប្បន្ន អ្នកដឹងយ៉ាងច្បាស់អី្វដែលអ្នកកំពុងធ្វើ។ ទីណាក៏ដោយឱ្យតែមានវត្តមាន របស់អ្នក និងអ្វីគ្រប់យ៉ាងដែលអ្នកប៉ះ អ្នកតែងតែបន្សល់ទុកនូវភាពចលាចល។ អ្នកកំពុងព្យាយាមចាប់ត្រីនៅក្នុងទឹកល្អក់ ប៉ុន្តែត្រីដែលអ្នកចាប់បានគ្រាន់តែ ជាត្រីចម្លែកប៉ុណ្ណោះ»។ នេះគឺជាសាររបស់លោកទូតរុស្ស៊ី ផ្ញើទៅកាន់សហរដ្ឋអាមេរិកដែលកំពុង ពិចារណាប្រើប្រាស់កម្លាំងយោធាលើរបបដឹកនាំស៊ីរី។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានសេចក្ដីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៦០នាក់បានស្លាប់ និង ១,០០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង ឌួម៉ា (Douma) ប្រទេសស៊ីរី។ ចំណែកឯ សហរដ្ឋអាមេរិក បានចោទថា វាគឺជាស្នាដៃរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយថា នឹងចាត់វិធានការឆ្លើយតបក្នុងពេលឆាប់ៗនេះ៕