(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់មិនសំចៃមាត់ ទៅលើការស៊ើបអង្កេតជុំវិញរឿងអាស្រូវរុស្ស៊ី ដែលដឹកនាំដោយរដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ក្រោយពីបានដឹងថា ការិយាល័យមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រូវបានក្រុមភ្នាក់ងារ FBI ចុះសម្រុកឆែកឆេរ និងបានរកឃើញ ក៏ដូចជារឹបអូសយកឯកសារមួយចំនួន ពាក់ព័ន្ធនឹងការសូកលុយបំបិទមាត់តារាសិចម្នាក់ ដែលធ្លាប់មានទំនាក់ទំនងនឹងលោកប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
មេធាវីខាងលើរបស់ លោក ត្រាំ មានឈ្មោះថា ម៉ៃឃើល ខូហេន (Michael Cohen) ដែលប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា ជាបុរសដ៏ល្អម្នាក់។ បើតាមសេចក្តីរាយការណ៍របស់កាសែត New York Times ក្រុមរដ្ឋអាជ្ញាសហព័ន្ធនៅសង្កាត់ មែនហាតថាន់ (Manhattan) នៃទីក្រុងញូយ៉ក ទទួលបានដីកាឆែកឆេរមួយ បន្ទាប់ពីមានការរៀបចំ ពីរដ្ឋអាជ្ញាពិសេស លោក Mueller ហើយក៏ចុះឆែកឆេរការិយាល័យរបស់ លោក Cohen តែម្តង រួចបានរឹបអូសយកសារអ៊ីម៉ែល ឯកសារពន្ធ និងកំណត់ត្រាអាជីវកម្មនា ព្រមទាំងកំណត់ហេតុ នៃការទាក់ទងគ្នារវាង លោក Cohen និងលោក ត្រាំ។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ ត្រូវគេរាយការណ៍ថា ហាក់ដូចជាពុំមានជាប់ទាក់ទងដោយផ្ទាល់នោះឡើយ ជាមួយនឹងការស៊ើបអង្កេតរបស់ លោក Mueller ដែលផ្តោតទៅលើរឿងអាស្រូវរុស្ស៊ីលូកលាន់ចូលកិច្ចការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ព្រមទាំងការអាចឃុបឃិតគ្នា រវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
គួរជម្រាបថា នៅក្នុងចំណោមឯកសារដែលភ្នាក់ងារ FBI រឹបអូសបាន ក៏រួមមានឯកសារពាក់ព័ន្ធនឹង ការបញ្ជូនលុយចំនួន ១៣០,០០០ដុល្លារ របស់លោក Cohen ទៅកាន់លោកស្រី ស្តរមី ដានីញែល (Stormy Daniels) ដើម្បីបំបិទមាត់ផងដែរ ដោយលោកស្រី គឺជាតារាភាពយន្តអាសអាភាស ដែលបានអះអាងថា ខ្លួនធ្លាប់មានសម្ព័ន្ធភាពស្នេហាជាមួយ លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០០៦។
ការផ្តល់លុយខាងលើនេះត្រូវបានធ្វើឡើង ចំពោះលោកស្រី Daniels ដែលមានឈ្មោះពិតថា ស្ទេហានី គ្លីហ្វដ (Stephanie Clifford) ដើម្បីកុំឲ្យទម្លាយរឿងអាស្រូវផ្លូវភេទនេះ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦។ កាលពីសប្តាហ៍មុនជាលើកដំបូងបំផុត ដែលលោកបានថ្លែងជាសាធារណពាក់ព័ន្ធនឹងបញ្ហានេះ លោក ដូណាល់ ត្រាំ បានបដិសេធថា មិនដឹងពីការឲ្យលុយបំបិទមាត់នេះឡើយ ហើយសេតវិមានបានចេញមុខ បញ្ជាក់ថា លោក ត្រាំ បានបដិសេធថា ពុំមានទំនាក់ទំនងជាមួយលោកស្រី Daniels ឡើយ៕