(គូឡាឡាំពួរ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ នឹងរៀបចំការបោះឆ្នោតសកលអាណត្តិ ១៤ នៅថ្ងៃទីពុធ ទី០៩ ខែឧសភា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាម EC ការជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសានេះ ហើយបន្ទាប់ពីនេះ ទើបគណបក្សទាំងអស់ អាចចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនា បោះឆ្នោត។ «ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនឹងមានរយៈពេល ១១ថ្ងៃ ដែល តម្រូវដោយច្បាប់»។ នេះជាការគូសបញ្ជាក់របស់ EC។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ដែលមានម៉ាឡេស៊ីរៀបចំការបោះឆ្នោតមិនមែនចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ក្នុងរយៈពេល ២០ឆ្នាំ មកនេះ ខណៈការបោះឆ្នោតបែបនេះលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៩។ ម្យ៉ាងវិញទៀត ការរៀបចំការបោះឆ្នោតនេះទៀតសោត នឹងត្រូវធ្វើឡើងបន្ទាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកំពុងជាប់ក្នុងរឿងអាស្រូវពុករលួយ ប្រកាសរំលាយសភា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕