(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារនេះ បានសន្យាថា នឹងចាត់វិធានការថ្មី ដើម្បីបើកជំហរសេដ្ឋកិច្ចចិនឱ្យកាន់ទូលំទូលាយ ខណៈដែលការបង្ហោះសារលើ Twitter ផ្លូវការរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ហាក់បង្កើតចេញនូវភាពវិជ្ជមានបន្តិច នាំឲ្យជម្លោះពាណិជ្ជកម្មឈានទៅរកសញ្ញាធូរស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច Boao នៅឯខេត្តហៃណាន់ លោក ស៊ី ក៏បានបញ្ជាក់ដែរថា ទីក្រុងប៉េកាំងមិនមែនកំពុងស្វែងរកអតិរេក (ផលចំណេញខ្លាំង) ពាណិជ្ជកម្មឡើយ ហើយសង្ឃឹមថា អាចនឹងបង្កើនការនាំចូល ការកាត់បន្ថយពន្ធលើរថយន្ដ និងការពារកម្មសិទ្ធិបញ្ញទៀតផង។ លោក ស៊ី បន្ថែមដូច្នេះថា «ការធ្វើសកលភាវូនីយកម្មសេដ្ឋកិច្ច គឺជារឿងមិនអាចប្រកែកបាននៅពេលនេះ... ទ្វាររបស់ចិនកំពុងបើកជំហរ ហើយនឹងមិនបិទឡើយ ពោលគឺមានតែបើកចំហ ឲ្យកាន់តែទំលំទូលាយជាងមុនទៅទៀត»។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក ស៊ី ជិនពីង កើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់បញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយចិន ដោយសារតែលោក ស៊ី ជាមិត្តល្អរបស់លោក។ «ប្រធានាធិបតីស៊ី ហើយនិងខ្ញុំនឹងនៅតែជាមិត្តនឹងគ្នា»។ នេះជាការលើកឡើងរបស់ លោក ត្រាំ នៅលើ Twitter កាលពីថ្ងៃអាទិត្យ៕