(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងការ វាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ខណៈគេរំពឹងថា ជម្រើសយោធាក៏ស្ថិតនៅក្នុងចំណោមវិធានការរបស់លោកផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
ការកត់សម្គាល់បែបនេះរបស់ លោក ត្រាំ ធ្វើឡើងនៅក្នុងជំនួបជាមួយមេដឹកនាំយោធា និងទីប្រឹក្សាសន្តិសុខរបស់លោកកាលពីថ្ងៃចន្ទ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៦០នាក់ បានស្លាប់ និង ១,០០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារដោយអាវុធគីមី នៅក្នុងទីក្រុង ឌួម៉ា (Douma) ប្រទេសស៊ីរី។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹង ធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ហើយសហរដ្ឋអាមេរិកមានជម្រើសយោធាជាច្រើនសម្រាប់ស៊ីរី... ម្យ៉ាងវិញទៀតយើងមិនអាច បណ្ដោយឱ្យទង្វើឃោឃៅបែបនេះ កើតឡើងនៅក្នុងពិភពលោកយើងបានឡើយ ជាពិសេសនៅពេលដែលយើង មានលទ្ធភាពបញ្ឈប់វា»។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ មនុស្ស ៨០នាក់ ក្នុងនោះមានទាំងកុមារ និងស្ត្រី ក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយអាវុធគីមី ខាន់ ហ្សេខួន (Khan Sheikhoun) ប្រទេសស៊ីរី ហើយជាការឆ្លើយតបនៅកាលនោះ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបាញ់មីស៊ីលយ៉ាងសន្ធាប់ជាង ៥០គ្រាប់ ទៅលើកងទ័ពរដ្ឋាភិបាលស៊ីរី ដែលបានបដិសេធថា ខ្លួនមិនដែលប្រើប្រាស់អាវុធគីមីឡើយ៕