(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ូស្គូ នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីធ្វើកិច្ចចរចាជាមួយសមភាគីរុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍ នៃសារព័ត៌មាន NHK ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បានបង្ហាញក្តីរំពឹងថា នឹងបានរៀបចំកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃអង្គារខាងមុខ។ តែអ្វីដែលមជ្ឈដ្ឋានទូទៅចង់ដឹងបំផុតនោះគឺថា តើ រដ្ឋមន្ត្រីការបរទេសរូបនេះ នឹងធ្វើកិច្ចជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ដែរឬទេ ក្នុងអំឡុងដែលលោកកំពុងស្ថិតនៅលើទឹកដី នៃប្រទេសរុស្ស៊ី។
អ្នកអង្កេតការណ៍ស្ថានភាពកូរ៉េខាងជើង បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ព្យាយាមទាក់ទាញការគាំទ្រ ពីសំណាក់បណ្តាប្រទេសដទៃទៀត នៅមុនកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីធានាបាននូវការសុវត្ថិភាពអំណាចមេដឹកនាំ គីម និងដើម្បីបង្ការការគំរាមកំហែងដោយយោធា ពីសំណាក់ភាគីណាមួយ។ អ្នកអង្កេតទាំងនោះបានលើកឡើងថា រុស្ស៊ីបានស្តែងឲ្យឃើញថា ខ្លួនមានបំណងចង់ដាក់ឥទ្ធិពល ទៅលើប្រទេសកូរ៉េខាងជើង៕